(ញូយ៉ក)៖ ថ្លែងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង ​ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សា​សន្តិ​សុខ​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​នា​ថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានលើកឡើងថា កិច្ចពិភាក្សានិងចរចាគ្នា គឺ​ជា​ជម្រើស​ដ៏​សាកសមតែមួយគត់ ដើម្បីដោះស្រាយបញ្ហានៃអាវុធប្រល័យលោក នៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌​មាន CGTN នៅយប់ថ្ងៃសុក្រ​ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ខណៈការកើនឡើងយ៉ាងក្តៅគគុកនៃភាពតានតឹងនៅក្នុងតំបន់នេះ បានបង្កជាក្តីព្រួយបារម្ភនៅទូទាំងពិភពលោក ប្រទេសចិនបានអំពាវនាវ​ដល់គ្រប់ភាគីពាក់ព័ន្ធឲ្យព្យាយាមស្វែងរកឱកាសជជែកពិភាក្សាគ្នាប្រកបដោយសន្តិវិធី ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ជាមួយគ្នា​នេះទីក្រុងប៉េកាំងបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមអនុវត្តន៍សេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលទាក់ទិននឹងប្រទេស​កូរ៉េ​ខាងជើង ប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយថែមទៀតផង។

ម៉្យាងវិញទៀតលោក Wang ក៏បានគូសបញ្ជាក់ដែរថា ប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលកំពុងដាក់ ពង្រាយនៅលើទឹកដីកូរ៉េខាង​ត្បូង បានបង្កផលប៉ះពាល់ជាខ្លាំងដល់ផ្នែកសន្តិសុខជាយុទ្ធសាស្រ្តរបស់ចិន ហើយបានធ្វើឲ្យខូចទំនុកចិត្ត នៅក្នុងចំណោមភាគីដែលពាក់​ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។

ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ទីក្រុងប៉េកាំងមិនមែនជាតួឯកក្នុងបញ្ហាជម្លោះសព្វថ្ងៃនេះ ឬមួយក៏​ជា​អ្នកកាន់​កូនសោរដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះឡើយ ប៉ុន្តែគ្រាន់ចង់ជួយបង្ហាញពីឥរិយាបទទំនួលខុសត្រូវ សម្រាប់សេចក្តីសុខសន្តិ​ភាពនៃឧបទ្វីបកូរ៉េនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ៕