(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កូរ៉េខាងជើងបានបង្ហាញការមិនគោរព​កោតខ្លាច ចំពោះ​ចិនសូម្បីតែបន្តិច តាមរយៈការព្យាយាមបាញ់​សាកល្បងមីស៊ីលផ្លោង​របស់ខ្លួន នាព្រឹកព្រលឹម​ថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយ​​ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាមុននេះបន្តិចនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យ នេះបើយោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ នាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ការបាញ់សាកល្បងនៅព្រឹកព្រលប់ថ្ងៃសៅរ៍នេះ ធ្វើឲ្យមីស៊ីល Ballistic ត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញបានតែ ២-៣នាទីក្រោយមកប៉ុណ្ណោះ នៅតំបន់ក្បែរឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។

នេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល និងបានទទួលបរាជ័យនៅក្នុងខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីការបរាជ័យលើកទី១ កាលពីថ្ងៃទី១៦ ខែមេសា ក្រោយមួយថ្ងៃនៃខួបកំណើតបិតា​ស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង គម្រប់១០៥ឆ្នាំ ដែលជាទិវាបង្អួតសព្វាវុធទំនើបៗ របស់កូរ៉េខាងជើង​ចំពោះមុខឆាកអន្តរជាតិ ជាពិសេសទៅកាន់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕