(តូក្យូ)៖ ប៉ុន្មានម៉ោងក្រោយការបាញ់ធ្វើតេស្តមីស៊ីលផ្លោងថ្មីចុងក្រោយគេបំផុត របស់ប្រទេសកូរ៉េខាងជើង ទោះបីជាវាត្រូវគេរាយការណ៍​ថា បានទទួលបរាជ័យក៏ដោយនោះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ បាន​ចេញសេចក្តីប្រកាសមួយជាបន្ទាន់ ដោយបញ្ជា​ឲ្យអាជ្ញាធរបង្កើន​​​សន្តិ​សុខ​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស ដើម្បីត្រៀមទប់ទល់ក្នុងករណីបន្ទាន់ណាមួយកើតឡើង។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

ជុំវិញបញ្ហាដ៏ធំខាងលើនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កូរ៉េខាងជើងបានបង្ហាញ ការមិនគោរពកោតខ្លាច ចំពោះ​ចិនសូម្បីតែបន្តិច តាមរយៈការព្យាយាមបាញ់​សាកល្បងមីស៊ីលផ្លោង​របស់ខ្លួន នាព្រឹកព្រលឹម​ថ្ងៃសៅរ៍នេះ ខណៈដែលគ្រប់គ្នាបានដឹងហើយថា ចិនធ្លាប់បានសន្យានឹងដាក់សម្ពាធលើកូរ៉េខាងជើង មិនឲ្យធ្វើតេស្តអាវុធ ដែលអន្តរជាតិហាមឃាត​នោះ​តទៅ​ទៀត​ឡើយ ក៏ប៉ុន្តែអ្វីៗពេលនេះប្រែជាអាសាបង់។

យោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េ​ខាង​ជើង​បាន​បាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីម្តងទៀតហើយ ក៏បានប៉ុន្តែទទួលបរាជ័យ ដោយការការបាញ់ សាកល្បងនោះ​​ ធ្វើ​ឲ្យ​មីស៊ីលប្រភេទ​បាលីស្ទីកនេះ ធ្លាក់ចុះមកវិញភ្លាមៗបន្ទាប់ពីបាញ់ចេញបានតែ ២-៣នាទីក្រោយមកប៉ុណ្ណោះ នៅតំបន់ក្បែរឆ្នេរ​សមុទ្រ​ភាគ​ខាង​កើតនៃប្រទេសកូរ៉េខាងជើង។

ជុំវិញបញ្ហានេះរដ្ឋាភិបាល​ទីក្រុងតូក្យូ​បាន​សេចក្តីព្រមាន ដើម្បីជា​ក្រើនរំលឹកដល់​ប្រជាពលរដ្ឋក្នុង​ប្រទេសខ្លួន​ថា នៅក្នុងករណី​នៃ​ការ​វាយ​ប្រហារ​​​ដោយ​​​អាវុធ​នុយ​ក្លេអ៊ែរ​​ពីសំណាក់កូរ៉េខាងជើង​មកលើប្រទេស​ជប៉ុននោះ ពួកគេប្រហែល​ជា​ពុំមាន​ពេល​វេលា​ច្រើន ដើម្បី​រត់ភៀសខ្លួន​ទៅរក​ទីសុវត្ថិភាព ពោលគឺមានពេល​យ៉ាងច្រើនត្រឹម១០នាទី​ប៉ុណ្ណោះ។

ប្រទេសជប៉ុន​​បានទទួលស្គាល់​ថា​ ប្រព័ន្ធប្រកាស​អាសន្នរបស់​ពួកគេ ទំនងជាមាន​សមត្ថភាពក្នុងការ​ចាប់សញ្ញា​នៃការបាញ់មីស៊ីល មិន​លើស​ពី​១០នាទីជាមុននោះ​ឡើយ ហើយអាចនឹង​មិនរហ័សដូចនេះ​ក៏ថាបានដែរ។ យោងតាម​លោក Hirofumi Yoshimura អភិបាលក្រុង​អូសាកា ជា​ទីក្រុង​ដ៏​ធំ​ទី​ពី​រ​របស់​ជប៉ុន​ គ្រាប់មីស៊ីល​ប្រហែលជាពុំអាចត្រូវចាប់​សញ្ញា​បានភ្លាមៗ នៅពេលដែលវា​ត្រូវបានបាញ់ចេញ​នោះឡើយ ដោយវាអាច​​​ទាមទារពេល​ប៉ុន្មាននាទី។ ប្រការហេតុនេះ ប្រព័ន្ធប្រកាស​អាសន្ន​ និងជូនដំណឹង​អាចមាន​ពេលតែ០៤ឬ​០៥​នាទី​​ប៉ុណ្ណោះ នៅមុនពេល​មីស៊ីល​មក​ដល់។

គួរបញ្ជាក់ថានេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល និងបានទទួលបរាជ័យនៅក្នុងខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីការបរាជ័យលើកទី១ កាលពីថ្ងៃទី១៦ ខែមេសា ក្រោយមួយថ្ងៃនៃខួបកំណើតបិតា​ស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង គម្រប់១០៥ឆ្នាំ ដែលជាទិវាបង្អួតសព្វាវុធទំនើបៗ របស់កូរ៉េខាងជើង​ចំពោះមុខឆាកអន្តរជាតិ ជាពិសេសទៅកាន់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕