(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូងលោក Yun Byung-se បានលើកឡើងនៅ​ថ្ងៃសៅរ៍នេះថា អង្គការសហប្រជាជាតិ​គួរតែ​ពិចារ​ណា ចំពោះការដកសមាជិកភាព​ចេញពីអង្គការសហប្រជាជាតិ (UN) របស់កូរ៉េខាងជើងចោលទៅ សម្រាប់ការបំពាន​ហើយបំពានទៀត លើ​បំរាមនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់អង្គការ​សហប្រជាជាតិ។ នេះ​បើ​តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

ក្នុងអំឡុងការ​កោះប្រជុំជា​បន្ទាន់មួយ នៅទីក្រុងញូយ៉ក​នាព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពី​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់​សាក​ល្បងមីស៊ីល​ផ្លោងថ្មីមួយ​ផ្សេងទៀត ក៏ប៉ុន្តែវា​បានធ្លាក់ចុះទៅដី​វិញភ្លាមៗ​នោះ លោក Yun Byung-se បានថ្លែង​ដូច្នេះថា «យើងអាច​ចាត់​វិធានការធ្ងន់ៗ ដូចជាការផ្អាកការ​នាំចេញ ក៏ដូចជា​ការផ្គត់ផ្គង់ប្រេងឆៅទៅកាន់កូរ៉េខាងជើង រួមទាំងការពិចារណា​ឲ្យបានហ្មត់ចត់ថា តើ​​របបដឹកនាំទីក្រុងព្យុងយ៉ាង ដែលជាជនល្មើសមុខដដែលៗ​នេះ សាកសមធ្វើជា​សមាជិករបស់អង្គការ​សហប្រជាជាតិ ដែរឬយ៉ាងណា​នោះ​ ហើយលោក Yun ក៏បានស្នើឲ្យ​កាត់បន្ថយទំនាក់ទំនង​ការទូត ជាមួយកូរ៉េខាងជើង​ផងដែរ»

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលបានចូលជាសមាជិក UN កាលពីឆ្នាំ១៩៩១មកនោះ បានបន្តធ្វើតេស្តមីស៊ីលផ្លោង​ជាច្រើនលើក​ច្រើនសា នៅក្នុងការប៉ុនប៉ង​កសាងសព្វាវុធមួយ ដែលអាចវាយប្រហារ​ទៅលើសហរដ្ឋអាមេរិក​បាន ខណៈទីក្រុងព្យុងយ៉ាង​បានចោទ​ប្រកាន់​ទីក្រុងវ៉ាស៊ីនតោនថា បាននិង​កំពុងបង្កអស្ថិរភាព​នៅតំបន់ឧបទ្វីបកូរ៉េ តាមរយៈទង្វើ​ជាច្រើន រួមមានទាំងការ​ផ្តល់ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD ឲ្យទីក្រុងសេអ៊ូល​ថែមទៀតផង៕