(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើក្តីបំណងរបស់លោក ក្នុងការកសាងទំនាក់ទំនង​​ដ៏ប្រសើរមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

សេតវិមាន​បានឲ្យដឹងក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួនថា ក្នុងជំនួបពិភាក្សា​ជាមួយរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ នៅ​​រដ្ឋធានី​វ៉ាស៊ីន​តោន លោក ដូណាល់ ត្រាំ បាន​លើកឡើង​អំពីលទ្ធភាព​ នៃការពង្រីកកិច្ចសហប្រតិបត្តិការ​ស្តីពី​ការ​ដោះ​ស្រាយ​បញ្ហាជម្លោះ​នៅតំបន់​មជ្ឈិមបូព៌ា និងកន្លែង​ដទៃៗ​ទៀត។ នាឱកាស​នោះទៀត លោក ត្រាំ ក៏​បាន​សង្កត់​ធ្ងន់​បន្ថែម​​ទៅ​លើតម្រូវការ​ នៃការចាប់ដៃ​សហការ​គ្នា ដើម្បីបញ្ចប់​វិបត្តិដ៏រ៉ាំរ៉ៃ​នៅស៊ីរី និង​បានគូសបញ្ជាក់​អំពីតម្រូវការ​សម្រាប់ឲ្យរុស្ស៊ី​ ទប់​ស្កាត់​របបដឹកនាំ​របស់លោក បាហ្សា អាល់ អាស្សាដ ព្រមទាំងប្រទេស​អ៊ីរ៉ង់ផងដែរ។

នៅក្រោយ​ជំនួបខាងលើ​លោក ឡាវរ៉ូវ បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា​ លោក ដូណាល់ ត្រាំ បានបញ្ជាក់អះអាង​ពីចំណាប់​អារម្មណ៍​របស់លោក ​ក្នុងនាមប្រធានាធិបតីអាមេរិក ដើម្បីកសាងទំនាក់ទំនង​ដែលនឹងផ្តល់ផល​ចំណេញទ្វេភាគី ជាមួយ​ប្រទេស​រុស្ស៊ី។ ម៉្យាងវិញទៀត​នៅមុនជំនួប​ជាមួយលោក ត្រាំ លោក ក៏បានជួប​ពិភាក្សាការងារ​ជាមួយសមភាគី​អាមេរិកលោក រិច ធីល្លឺសុន អំពីបញ្ហាជា​ច្រើនរួមមាន​ អ៊ុយក្រែន ស៊ីរី និងបញ្ហា​ទ្វេភាគីផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឲ្យបើកការវាយប្រហារ​មីស៊ីល ទៅលើមូលដ្ឋានទ័ព​ស៊ីរីកាលពី​ដើម​ខែមេសាកន្លងទៅ ជាការឆ្លើយតប​ចំពោះការចោទ​ប្រកាន់​នៃការប្រើប្រាស់​អាវុធគីមី​ ប្រឆាំងពលរដ្ឋស្លូតត្រង់​របស់រដ្ឋា​ភិបាលស៊ីរី រដ្ឋាភិបាលរុស្ស៊ី បានចេញមុខ​ថ្កោលទោសខ្លាំងៗ​ចំពោះសកម្មភាព​យោធានេះ និងចាត់ទុក​ទង្វើរបស់ទីក្រុង​វ៉ាស៊ីនតោនថា ជាការឈ្លានពាន​លើដែនអធិបតេយ្យ​ភាពរដ្ឋឯករាជ្យមួយ ដោយបំពាន​ច្បាប់អន្តរជាតិ៕