(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្ដែងការ​អបអរសាទរដល់ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី លោក មូន ជេអ៊ីន (Moon Jae-in) នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ។ ព្រមពេលជាមួយគ្នា​អ្នកទាំងពីរ​ក៏បានពិភាក្សា​គ្នាផងដែរ ជុំវិញភាពតានតឹង​នៅលើតំបន់​ឧបទ្វីបកូរ៉េ និងកម្មវិធីនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។​ នេះបើតាមការចេញផ្សាយដោយ​ សារព័ត៌មមានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងប្រាប់លោក ​មូន នៅក្នុងកិច្ចសន្ទនា​នោះ លោក ស៊ី បានបញ្ជាក់ជាថ្មីថា «ទីក្រុងប៉េកាំង នៅតែរក្សាជំហរ​គំាទ្រវត្ថុបំណង​គ្មានអាវុធ​នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េហើយថា​ បញ្ហានុយក្លេអ៊ែរ គួរតែត្រូវបាន​ដោះស្រាយ​តាមរយៈកិច្ចចរចា ដោយផ្អែកលើ​ផលប្រយោជន៍​ឱ្យគ្នាទៅវិញមក។ លើសពីនេះ ចិនពិតជាមានបំណងបន្តធ្វើការងារយ៉ាងសកម្ម ជាមួយបណ្ដាភាគីពាក់ព័ន្ធទំាងអស់ រួមទាំងកូរ៉េខាងត្បូង ដើម្បីសន្តិភាព និងការរីកចំរើននៅក្នុងតំបន់​ឧបទ្វីបកូរ៉េ»។ ដោយឡែក​ឆ្លើយតបទៅនឹង​ការលើកឡើង​នេះដែរ ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន បានអះអាង​ដែរថា ទីក្រុងសេអ៊ូល នឹងចូលរួមចំណែក​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ រវាងប្រទេសទាំងពីរ។

តែទោះបីជា​បែបនេះក្ដី ចិនទំនង​ជាមិនអាចដាក់​ទណ្ឌកម្ម ឬក៏សម្ពាធ​លើកូរ៉េខាងជើងរហូតដល់ចុះ​ទន់ខ្សោយនោះឡើយ ព្រោះទីក្រុងប៉េកាំង​នៅតែត្រូវការ ទីក្រុងព្យុងយ៉ាងជានិច្ច ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលយោធាអាមេរិក នៅក្នុងតំបន់។ មួយវិញទៀត ក្រៅតែខឹងកូរ៉េខាងជើង រឿងបាញ់សាកល្បង​មីស៊ីលផ្លោង ទីក្រុងប៉េកាំង​ក៏កំពុងមាន​បញ្ហាផ្ទាល់ខ្លួនជា​មួយកូរ៉េខាងត្បូង​ដែរ នោះគឺការ​ដាក់ពង្រាយ THA​AD ដែលចិនចាត់ទុកថា​ ជាការគំរាមកំហែងយ៉ាងធ្ងន់ដល់​សន្តិសុខជាតិ​របស់ខ្លួន។

ហេតុដូច្នេះ​អ្វីៗគឺមានតែការរង់ចាំ​មើលតែប៉ុណ្ណោះថា តើអ្នកនយោបាយជើងចាស់ មានជំហរទន់ភ្លន់​ចំពោះកូរ៉េខាងជើង ដូចជាលោក មូន ជេអ៊ីន អាចនឹងស្វែង​រកកិច្ចចរចា​ជាមួយកូរ៉េខាងជើង​ បានដូចខ្លួន​ធ្លាប់សន្យា ឬទេ? ហើយលោក​នឹងដោះស្រាយ​យ៉ាងដូចម្តេច​ពាក់ព័ន្ធនឹង THAAD​ ត្បិតការ​តម្លើងប្រព័ន្ធមីស៊ីលនេះ​ ធ្វើឱ្យចិនទាស់ចិត្ត តែបើគ្មានប្រព័ន្ធ​មីស៊ីលនេះវិញ សន្តិសុខ​របស់ខ្លួននឹង​នៅតែស្ថិតក្រោម​ការគំរាមកំហែងពី​​ទីក្រុងព្យុងយ៉ាង ដែលគ្មានផ្លូវបោះបង់ចោលអាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត ដារាបណា​កងទ័ព​អាមេរិក មានវត្តមាននៅ​កូរ៉េខាងត្បូង និងជប៉ុន៕