(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា​ កិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ មិនពោរពេញ​ទៅដោយ​មនោគមន៍វិជ្ជា ដូចជាកាលពី​សម័យរដ្ឋបាលដឹកនាំ​របស់ អតីតមេដឹកនាំលោក បារ៉ាក់ ​អូបាម៉ា នោះឡើយ ដោយនាពេលនេះ​ភាគីទាំងពីរ​បានពិភាក្សា​គ្នាអំពី ការដោះស្រាយ​បញ្ហាពិភពលោក​រួមគ្នាវិញ។ នេះ​បើ​តាម​ការ​​ចេញផ្សាយដោយ សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

លោក Lavrov បានថ្លែងថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ គួរតែព្យា​យាម​ស្វែង​រកមធ្យោបាយដើម្បី​ដោះ​ស្រាយ​បញ្ហា​អន្តរ​ជាតិ​រួមគ្នា ទោះបីជាមានផលវិបាកខ្លះនៅក្នុងទំនាក់ទំនងទ្វេភាគីយ៉ាងណាក្តី នៅ​ក្រោយ​ជំនួបពិភាក្សា​ជាមួយ​លោក Donald Trump នៅសហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់ពី​បានជួបពិភាក្សា​ការងារ ជាមួយ​ប្រធានា​ធិបតី​អាមេរិក​ លោក Donald Trump លោក Sergey Lavrov បានលើក​ឡើងថា «ជាដំបូងឡើយ​យើងត្រូវតែធ្វើ​ការពិភាក្សា ​អំពីកិច្ចសហការ​របស់យើង​នៅលើឆាក​អន្តរជាតិ។ ជាមួយគ្នានេះ​វាត្រូវបានបញ្ជាក់​ហើយថា ទោះបីជាមានផលលំបាក​ខ្លះ​ៗ​ ​ប្រទេសរបស់យើងអាច​ក៏ដូចជាចាំ​បាច់ត្រូវតែ​ចូលកម្លាំងសហការគ្នា ដើម្បីដោះស្រាយ​បញ្ហាសំខាន់ៗ ដែលស្ថិតនៅលើ​​របៀបវារៈអន្តរជាតិ»

គួរបញ្ជាក់ថា ជុំវិញរឿងទំនាក់ទំនង​រវាងប្រទេសទាំងពីរ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នាឱកាសជួបពិភាក្សា​គ្នា​​នោះ​ ក៏បានលើកឡើង​ដោយផ្ទាល់មាត់​ផងដែរថា រូបលោកចង់​ធ្វើឲ្យទំនាក់ទំនង​អាមេរិក-រុស្ស៊ី មានភាពប្រសើរឡើង​ខ្ពស់​ជាងមុន៕