(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ថ្មី ចាប់ផ្តើមហើយនាព្រឹកថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីបច្ចុប្បន្នអាច​នឹង​ឈ្នះ​នា​អាណត្តិទីពីរ។

២៖ អតីតទីប្រឹក្សាសន្តិសុខជាតិ​របស់លោក ដូណាល់ ត្រាំ ប្រកាសនឹងមិន​ចូលខ្លួន​ផ្តល់ឯកសារ​តាមដីការ​កោះហៅរបស់​ព្រឹទ្ធ​សភា​អាមេរិក​ឡើយ។

៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ចេញមុខធានាការពារសន្តិសុខលោក គីម ជុងអ៊ុន ហើយ​ថា​មិន​ឈ្លាន​ពាន របបដឹកនាំកូរ៉េខាងជើងឡើយ តែកូរ៉េខាងជើងត្រូវព្រមបោះចោលអាវុធនុយក្លេអ៊ែរ។

៤៖ ប្រទេសចិននិងបណ្តាប្រជាជាតិ​អាស៊ីគ្នេយ៍​ ​ព្រមព្រៀងគ្នា​លើសេចក្តីព្រាងក្របខ័ណ្ឌមួយ​ សម្រាប់ក្រម​ប្រតិបត្តិ (COC) ក្នុងដែន​សមុទ្រចិនខាងត្បូង ដែលមានបញ្ហា​ជម្លោះ។

៥៖ ទីបំផុតគណៈរដ្ឋមន្ត្រី​ជប៉ុន អនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យ​ព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យជាផ្លូវការពីរាជបល្ល័ង្ក Chrysanthemum ដែលជារឿងមិនធ្លាប់​កើតមានក្នុងខ្សែរាជវង្សជប៉ុនអស់ ២សតវត្សរ៍មកហើយ។

៦៖ សមាជិកសភា​អាមេរិកមកពីគណបក្សសាធារណៈរដ្ឋមួយចំនួន កំពុងចាប់ផ្ដើមដកខ្លួន​ចេញឱ្យឆ្ងាយពី​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវ​ ចែករំលែកព័ត៌មាន​សម្ងាត់ជាតិ​ជាមួយរុស្សី ក៏ដូចជាការលូកដៃ​ស្នើសុំឱ្យ​នាយក FBI បញ្ឈប់ការស៊ើប​អង្កេតលើ ទំនាក់ទំនងរវាង​អតីតទីប្រឹក្សា​សន្តិសុខជាតិ លោក Michael Flynn និងទីក្រុងម៉ូស្គូ។

៧៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសឈប់ទទួលជំនួយពីសហភាពអឺរ៉ុប ខណៈសមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិ​ពល ចេញមុខព្រមានភ្លាម៕