(វ៉ាស៊ីនតោន)៖ យោងតាមលទ្ធផលនៃការស្ទង់មតិ ដែលត្រូវបានចេញផ្សាយ នាថ្ងៃសុក្រនេះ កម្រិតប្រជាប្រិយភាពសម្រាប់ប្រធា​នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តធ្លាក់ចុះសាជាថ្មីម្តងទៀត នៅក្នុងរយៈពេលមិនដល់បីសប្តាហ៍នោះលើយ ដោយ​សារតែមនុស្សភាគច្រើន កំពុងមានមន្ទិលសង្ស័យចំពោះសមត្ថភាពដឹកនាំរបស់លោក ក៏ដូចជានៅចំពោះមុខសំណុំរឿង​សង្ស័យ​​ជុំវិញទំនាក់ទំនងរវាងរដ្ឋបាលរបស់លោក ត្រាំ និងប្រទេសរុស្ស៊ី កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

លទ្ធផលរបស់គេហទំព័រស្ទាបស្ទង់មតិ Morning Consult/Politico បានបង្ហាញថាអ្នកចូលរួមដល់ទៅ៥០ភាគរយ យល់ថាលោក​ ដូណាល់ ត្រាំ មិនអាចបន្តដឹកនាំប្រទេសទៀតបាននោះឡើយ ខណៈ៤១ភាគរយផ្សេងទៀត គិតថារូបលោកនៅតែ​មាន​សមត្ថ​ភាព។ Morning Consult/Politico បានឲ្យដឹងទៀតថា វាគឺជាលើកទីបីហើយ ដែលកម្រិតប្រជាប្រិយភាព របស់​លោក​ប្រធានា​ធិប​តី​អា​មេ​រិក បានធ្លាក់ចុះនៅក្នុងខែ​នេះ បន្ទាប់ពីទទួលបានកម្រិតគាំទ្រ៤៤ភាគរយ កាលពីថ្ងៃទី០៤ ខែឧសភា និង៤២ភាគ​រយ កាលពីថ្ងៃទី១២ ខែឧសភា។

យោងតាមការស្ទង់មតិខាងលើដដែល លើសពីនេះ អ្នកចូលរួម៥៤ភាគរយ អះអាងថាថាលោក ដូណាល់ ត្រាំ ខ្វះខាតការថ្លឹង​ថ្លែងវិនិឆ្ឆ័យ ដើម្បីធ្វើជាមេដឹកនាំ តែ៣៤ភាគរយមិនយល់ស្របដូច្នោះនោះទេ។ យ៉ាងណាមិញលទ្ធផលនាថ្ងៃសុក្រនេះ បាន​រក​ឃើញបន្ថែមទៀតថា អ្នកចូលរួមការស្ទង់មតិចំនួន៧៧ភាគរយ ចាត់ទុកលោក ត្រាំ ជាមនុស្សក្រអឺតក្រទមម្នាក់ ស្របពេលដែល​​១៧ភាគរយមានទស្សនៈផ្ទុយពីនេះ។

គួរបញ្ជាក់ថា សំណុំរឿងដែលគេសង្ស័យថារដ្ឋបាលលោក ដូណាល់ ត្រាំ លួចមានទំនាក់ទំនងជាសម្ងាត់ជាមួយរដ្ឋាភិបាលរុស្ស៊ី កាលពី​អំឡុង​ពេល​ការធ្វើយុទ្ធនាការឃោ​សនា​បោះ​ឆ្នោតឆ្នាំ២០១៦នោះ បាននិង​កំពុង​តែ​រង្គោះ​រង្គើល​បង្កជា​សម្ពាធ​យ៉ាង​ខ្លាំង​​ដល់​​ប្រធានាធិបតីអាមេរិករូបនេះ ហើយក្នុងសប្តាហ៍នេះរដ្ឋអាជ្ញាពិសេសមួយ ក៏ត្រូវបានបង្កើតឡើង ដោយក្រសួងយុត្តិធម៌អា​មេ​រិក​បាន​ប្រគល់ឲ្យលោក Robert Mueller អតីតនាយក FBI (២០០១-២០១៣) ជាប្រធាន ដើម្បីបន្តការស៊ើបអង្កេតជុំវិញសំណុំ​រឿង​ដ៏ចម្រូងចម្រាសនេះ៕