(សេអ៊ូល)៖ នៅថ្ងៃសៅរ៍នេះ​ប្រទេសកូរ៉េខាងជើង បានធ្វើការប្តេជ្ញាយ៉ាង​មុតមាំសាជាថ្មីម្តងទៀតថា នឹងបន្តបង្កើនក៏ដូចជា​ពង្រឹង​អនុភាពនៃ​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន ឲ្យដល់កម្រិតកំពូល ស្របពេលដែល​សហរដ្ឋអាមេរិកកំពុង​ដាក់សម្ពាធកាន់តែ​ខ្លាំង​ មកលើ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ដោយសារការធ្វើ​តេស្តមីស៊ីលផ្លោង​រយៈចម្ងាយមធ្យម ប្រភេទថ្មីរបស់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការបរទេស​កូរ៉េខាងជើង​បានលើកឡើងថា អាមេរិកកំពុងតែរៀបចំផែនការ​ដើម្បីដាក់សម្ពាធ និងទណ្ឌកម្មបន្ថែម​ទៀត​មកលើប្រទេស​របស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ ដោយដកស្រង់សម្តី​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសរបស់ខ្លួនថា «ទីក្រុងវ៉ាស៊ីនតោន​កាន់បង្កើនការដាក់​សម្ពាធខ្លាំង​ដល់កម្រិតណា យើងនឹងបន្តបង្កើនកិច្ចប្រឹង​ប្រែងកាន់តែខ្លាំង​ដូចគ្នា ដើម្បីអភិវឌ្ឍន៍ឥទ្ធិពលនុយក្លេអ៊ែរ​របស់យើង ឲ្យដល់កម្រិតកំពូល»

គួរបញ្ជាក់ថា ប្រតិកម្មខាងលើ​របស់កូរ៉េខាងជើង បានបង្ហាញឲ្យ​ឃើញយ៉ាងច្បាស់ថា ទីក្រុងព្យុងយ៉ាង​នឹងមិនបោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ឬមីស៊ីលផ្លោង​របស់ខ្លួនជាដាច់ខាត ទោះបីជាប្រមុខការទូតអាមេរិក​បានធ្វើការធានា​អះអាងថា ទីក្រុងវ៉ាស៊ីនតោនមិន​មានបំណងផ្លាស់​ប្តូររបប នៅក្នុងប្រទេសកូរ៉េខាងជើង​នោះឡើយ៕