(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវបានសម្រេចចិត្តហាមឃាត់ ការសាងសង់អគាររដ្ឋទាំងអស់ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ ដែលនេះគឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយ សន្សំសំចៃជូនជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានេះរដ្ឋាភិបាលឡាវ ក៏បានបញ្ជាក់ឡើងវិញផងដែរថា ការដេញថ្លៃគំរោងរបស់រដ្ឋដោយបើកចំហ គួរតែត្រូវបានរឹតបន្តឹងឱ្យខ្លាំងជាងមុន ដើម្បីពង្រឹងច្បាប់ប្រទេស។ មួយវិញទៀតបទបញ្ជាថ្មីនេះ គឺមានគោលបំណងធានាឱ្យបានថា ការប្រើប្រាស់កញ្ចប់ថវិកាជាតិមានប្រសិទ្ធិភាព និងមិនខ្ជះខ្ជាយ សំដៅរក្សាផលប្រយោជន៍ជាតិជាអតិបរមា និងកាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឡាវបានបង្កើនការដាក់វិធានការជាច្រើន ពាក់ព័ន្ធនឹងគោលនយោបាយ សន្សំសំចៃក្នុងនោះរួមមានទំាងការចេញក្រឹត្យប្រឆាំងនឹងការខ្ជះខ្ជាយថវិការដ្ឋកាលពីឆ្នាំ២០១៦ ដូចជាការតម្រូវឲ្យមន្ត្រីកំពូលៗរបស់រដ្ឋ ឈប់ប្រើប្រាស់រថយន្តទំនើបៗនិងមានតម្លៃថ្លៃ ហើយយករថយន្តដែលមានស្រាប់យកទៅលក់ ដើម្បីបង្កើនថវិកាជាតិជាដើម៕