(គួឡាឡាំពួ)៖ កងកម្លាំងប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការក្តៅ និងចាប់ខ្លួនបុរសចំនួន០៦នាក់ ដែលអាជ្ញាធរសង្ស័យថា មានជាប់ទាក់ទិននឹងក្រុមសកម្មប្រយុទ្ធ​​រដ្ឋអ៊ីស្លាម ISIS នៅតាមបណ្តា​ខេត្តមួយចំនួន​​ទូទាំងប្រទេស​ពីចន្លោះថ្ងៃទី២៣ ដល់ទី២៦ ខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់សមត្ថកិច្ច​ម៉ាឡេស៊ី នៅក្នុងចំណោម​ជនសង្ស័យទាំង​ប៉ុន្មានរូបខាងលើ រួមមានទាំង​ជនគង្វាល​គោ​ម្នាក់​ នៅក្នុងរដ្ឋ Kelantan ឈ្មោះ Muhammad Muzafa Arieff Junaidi ដែលបានចូលខ្លួន​ឲ្យចាប់តាម​សម្រួល ក្រោយប៉ូលិសបាន​ស្នើ​ដល់សាធារណជន​ពាក់ព័ន្ធនឹងដំណឹង​អំពីបុគ្គលនេះ ខណៈក្រុម​សមត្ថកិច្ច​បានជឿជាក់ថា ជនសង្ស័យរូបនេះ​ បានរត់ភៀសខ្លួន​ទៅកាន់​ភាគខាងត្បូង​ប្រទេសថៃ បន្ទាប់ពីមាន​ការជាប់ពាក់ព័ន្ធ​នឹង​ ការលួចនាំចូល​អាវុធ​ខុសច្បាប់ ឲ្យក្រុមសកម្មប្រយុទ្ធ​ប្រើប្រាស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី។

គួរបញ្ជាក់​ថា ក្រៅពីនេះប៉ូលិសម៉ាឡេស៊ី ក៏បានចាប់ខ្លួនបងប្អូនប្រុសចំនួន​ពីរនាក់ រួមមានម្នាក់​ជាគ្រួបង្រៀនសាសនា​នៅរដ្ឋ Perak និង​អ្នកជំនួញតាមអនឡាញម្នាក់ រួមទាំងអតីតនាយ​ទាហានចូលនិវត្តន៍​ម្នាក់នៅរដ្ឋ Kedah ដោយសារ​​បាន​គាំទ្រ​​ ក៏ដូចជា​លុយកាក់ដល់​សកម្ម​ភាព​ក៏ដូចជា​ចលនាក្រុម ISIS នៅស៊ីរី។ រី​ឯជនសង្ស័យពីរនាក់​ចុងក្រោយនោះ គឺមន្ត្រីត្រួតពិនិត្យ​គុណភាព​នៅរដ្ឋ Selangor និង​បុរស​គ្មានការងារ​ធ្វើនៅរដ្ឋ Kedah៕​