(ស្រីលង្កា)៖ ចំនួនមនុស្សស្លាប់​ដោយសារតែ គ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេស​ស្រីលង្កា បានកើនដល់​១០០នាក់​នា​រសៀលថ្ងៃសៅរ៍នេះ ខណៈជនងរងគ្រោះ៩៩នាក់ទៀត បាននិងកំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

យោងតាមក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​ស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារ​តែ​​ការបន្ត​ធ្លាក់​ភ្លៀង​យ៉ាង​ជោគ​ជាំ​ នៅតាមតំបន់មួយចំនួននៃ​ប្រទេស ដែល​​ជា​​ហេតុ​​​បាន​បណ្តាល​ឲ្យ​មនុស្សជាង ២០០,០០០នាក់ បាន​ទទួល​រង​ផល​ប៉ះ​ពាល់ និង​មិន​តិច​ជាង​​ ១២,០០០នាក់ឡើយ ត្រូវបានបង្ខំឲ្យជម្លៀសខ្លួន ទៅកាន់ទីទួលសុវត្ថិភាព។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលស្រីលង្កា ក៏បានបញ្ជូនអង្គភាព​ប្រតិកម្មបន្ទាន់ ដើម្បីជួយដល់ប្រជាជន​នៅតាមតំបន់​រងគ្រោះ និងបានអំពាវ​​នាវស្នើសុំជំនួយ​ពីសំណាក់អង្គការ​សហប្រជាជាតិ និងបណ្តាប្រទេសជិត​ខាងថែមទៀតផង៕