(ឡុងដ៏)៖ ក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេស British Airways បានសម្រេចលុបចោលជើងហោះរបស់ខ្លួនទាំងអស់ពីអាកាសយាន​ដ្ឋានធំៗចំនួនពីរនៅឯទីក្រុងឡុងដ៍ រហូតដល់ល្ងាចថ្ងៃសៅរ៍នេះ (ពេលវេលានៅអង់គ្លេស) បន្ទាប់ពីការកើតមានបញ្ហាផ្នែកប្រព័ន្ធកុំព្យូទ័រ​ជាលក្ខណៈទ្រង់ទ្រាយធំមួយ ដែលជាហេតុបានបង្កការរាំងស្ទះខ្លាំងដល់អ្នកដំណើរ និងយន្តហោះត្រូវជាប់គាំងពុំអាចទៅណារួច។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

British Airways បានប្រកាសឲ្យដឹងថាព្រលានយន្តហោះ Heathrow និង Gatwick បាននិងកំពុងកកស្ទះយ៉ាងខ្លាំង ដោយសារតែបញ្ហាផ្នែក​ប្រព័ន្ធពត៌មានវិទ្យា ហើយជើងហោះហើរទាំងអស់របស់អាកាសចរណ៍ នៅអាកាសយានដ្ឋានទាំងពីរ ដែលមានពេលវេលាចេញដំណើរ​នៅ​មុនម៉ោង៦៖០០នាទីល្ងាចថ្ងៃសៅរ៍នេះ ត្រូវបានលុបចោល។

គួរបញ្ជាក់ថា បើតាមការអះអាងពីក្រុមហ៊ុនអាកាសចរណ៍ Birtish Airways ពុំមានភស្តុតាងណាមួយបង្ហាញថាបញ្ហានេះ ត្រូវបានបង្កឡើង​ការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) នោះឡើយ៕