(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខ​មីយ៉ាន់ម៉ា បានរកឃើញភស្តុតាង​ដែលបញ្ជាក់ថា ទីកន្លែងហ្វឹកហ្វឺនមួយចំនួនត្រូវបានបង្កើត និងគ្រប់​គ្រង​ជា​សម្ងាត់​ដោយ​ក្រុម​ភេរវករ នៅក្បែរជើងភ្នំ Mayu ក្នុងតំបន់ Buthidaung និង Maungtaw នៃរដ្ឋ Rakhine ភាគខាងលិច​ប្រទេស។ នេះបើតាមការ​ឲ្យ​ដឹង​ពី​​​ការិយា​ល័យ​​ក្រុមប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ការិយាល័យក្រុមប្រឹក្សា​រដ្ឋនៃប្រទេស​មីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា ជនប្រដាប់​អាវុធបីនាក់ ត្រូវបានសម្លាប់​នៅ​អំឡុង​ប្រតិបត្តិការ​បោសសម្អាត ក្នុងតំបន់ខាងលើ​ដោយកងកម្លាំង​សន្តិសុខ ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ហើយជាមួយគ្នានោះ ផ្លូវរូងក្រោមដី អាវុធកែច្នៃ ខ្ទម ស្បៀងអាហារ ឧបករណ៍ប្រើប្រាស់​ផ្សេងៗ រួមទាំងសម្ភារៈ​ដទៃជាច្រើនទៀត ដែលត្រូវបាន​ប្រើប្រាស់​ក្នុងទីតាំងហ្វឹកហ្វឺនរបស់​ក្រុមភេរវករ ក៏ត្រូវបានរកឃើញ និងរឹបអូសផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹង​នៅរដ្ឋ Rakhine ភាគខាងលិច​មីយ៉ាន់យ៉ា បាននិងកំពុងកើន​ឡើងយ៉ាងក្តៅគគុក ជាពិសេសបន្ទាប់ពី​ការវាយប្រហារ​មួយ​ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដោយក្រុម​ប្រដាប់អាវុធ ទៅលើប៉ុស្តិ៍​ត្រួតពិនិត្យតាមព្រំដែន​ចំនួនបីកន្លែង ដែលបានបណ្តាល​ឲ្យ​ទាហាន ០៥នាក់ និងប៉ូលិស ០៨នាក់ស្លាប់៕