(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានចាត់ទុកថា ការធ្វើ​អន្តរាគមន៍​យោធារបស់​បារាំង ដើម្បីផ្ដួលរំលំរបបដឹកនាំហ្គាដាហ្វីនៅលីប៊ី កាលពី​ឆ្នាំ២០១១ គឺជាកំហុស​ឆ្គងមួយ ហើយថា លោកមិនចង់ឃើញ​បារាំងដើរតាម​គន្លងចាស់​នេះនៅស៊ីរីឡើយ។ បារំាង​គឺជាប្រទេស​ដំបូងគេ ដែលបានវាយប្រហារ​តាមផ្លូវអាកាស​ ប្រឆាំងនឹងកង​កម្លំាងរដ្ឋាភិបាលស្របច្បាប់​លីប៊ី រីឯសហរដ្ឋអាមេរិក និងអង់គ្លេស​ក៏បានរួមគំនិត​ នៅក្នុងអន្តរាគមន៍យោធានេះដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុង​បទសម្ភាសន៍​ ជាមួយបណ្ដាសារព័ត៌មានអឺរ៉ុប និងនៅចំពេលដែល​ប្រជាជនលីប៊ី កំពុងរស់នៅ​ក្នុងភាពវឹកវរ បន្ទាប់ពីពួកគេបានអបអរសារទរ​ចំពោះអន្តរាគមន៍​យោធា​បរទេស ក្នុងការផ្ដួលរលំរបបហ្គាដាហ្វី។

ថ្លែងនាឱកាស​នោះដែរ ប្រធានាធិបតី​បារាំងរូបនេះ​បានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំ វានឹងក្លាយជា​ទីបញ្ចប់នៃទម្រង់អភិរក្ស​និយមហួសសម័យ​នៅបារាំង អស់រយៈពេលជាង​១០ឆ្នាំ​មកនេះ។ លិទ្ធិ​ប្រជាធិបតេយ្យ មិនមែនកើត​ឡើងចេញ​ពីប្រជាពលរដ្ឋ​​ដែលគ្មាន​ចំណេះដឹង​នោះទេ។ បារាំង​មិនបានចូលរួមក្នុង​សង្គ្រាមនៅអ៊ីរ៉ាក់ ព្រោះបារាំងមាន​ហេតុផល​របស់ខ្លួន។ ក៏ប៉ុន្តែបារាំង​បែរជាបានប្រព្រឹត្តកំហុស​ ចំពោះការធ្វើសង្រ្គាម​នៅលីប៊ីទៅវិញ ហើយតើអ្វីទៅ​ជាលទ្ធផលនៃ សង្រ្គាមនេះ? នោះគឺការកកើត​ឡើងនៃពួកភេរវករ ដូច្នេះខ្ញុំមិនចង់​ឃើញរឿងបែបនេះ​កើតជាថ្មីនៅស៊ីរីឡើយ»។

គួររំលឹកថា កាលពីឆ្នាំ២០១១​ ដោយផ្អែកលើការរំលោភ​សិទ្ធិមនុស្ស បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍​យោធាផ្ដួលរំលំ​របបដឹកនាំ​របស់ លោក កាដាហ្វី។ ប៉ុន្តែ​ក្រោយរបប កាដាហ្វី ដួលរលំ លីប៊ីមិនបាន​ទទួលសន្តិភាព​សូម្បីតែបន្តិច ផ្ទុយទៅវិញបែរ​ជាប់ផុងនៅក្នុង​ជម្លោះរុំារ៉ៃ រហូតដល់ប្រទេសជាតិ​ត្រូវបែកចេញជាពីរ ខណៈប្រជាជនលីប៊ី​មួយចំនួនចាប់ផ្ដើម​នឹក​ស្រណោះដល់លីប៊ី ក្រោមការគ្រប់គ្រង​របស់លោក កាដាហ្វី ដែលនៅកាល​ណោះលីប៊ី ជាប្រទេស​មាន GDP និងសេដ្ឋកិច្ចរីកចំរើន​ជាងគេបំផុត នៅ​អាហ្រ្វិក​ខាងជើង៕