(កាប៊ុល)៖ រថយន្ដផ្ទុកទៅដោយគ្រាប់បែក​មួយគ្រឿង ត្រូវបានគេចុចបំផ្ទុះ នៅថ្ងៃព្រហស្បតិ៍នេះ នៅឯខាងក្រៅបរិវេណធនាគារមួយស្ថិតនៅក្នុងទីក្រុង Lashkar Gah នៃខេត្ត Helmand ភាគខាងត្បូងប្រទេស​អាហ្វហា្គនីស្ថាន ដោយបណ្ដាលឱ្យ​មនុស្សជាច្រើន​នាក់ស្លាប់ និងរងរបួស ខណៈពួកគេរង់ចាំ​បើកប្រាក់។ នេះបើតាម​សម្តីក្រុមមន្ត្រី​នៅក្នុងតំបន់​ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ អ្នកនាំពាក្យ​អភិបាលខេត្ត Helmand លោក Omar Zwak បានឱ្យដឹងមនុស្ស​មនុស្សយ៉ាងហោច​ណាស់ ២០នាក់បានស្លាប់ និងច្រើនជាង៥០នាក់ផ្សេងទៀត បានរងរបួសនៅ​ក្នុងការវាយប្រហារនេះ ហើយក្នុងចំណោម​អ្នកទំាងនេះ ក៏មានសមាជិកកងកម្លំាង​រដ្ឋាភិបាល ជនស៊ីវិល និងបុគ្គលិក​សាខាធនាគារ Kabul Bank ផងដែរ។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មាន​ក្រុមណាមួយ​ ចេញមុខទទួលខុសត្រូវ​នៅឡើយទេ ខណៈក្រុម ISIS និងតាលីបង់ កំពុងស្ថិត​នៅក្រោមការសង្ស័យ​ខ្ពស់ជាងគេ៕