(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មិនមានការលួចថតសំឡេងកិច្ចសន្ទនារវាងលោក និងអតីតនាយក FBI លោក ជែម ខូមី នោះទេ ប៉ុន្តែនេះគឺផ្ទុយទាំងសុ្រងពីការលើកឡើងរបស់លោក កាលពីពេលមុនដែលថា មានការថតសំឡេងបែបនេះ។ មួយវិញទៀត ការក្រឡាស់សម្ដីនេះ ធ្វើឡើងមុនមួយថ្ងៃដែលលោកត្រូវ បានគេតម្រូវឱ្យប្រគល់ខ្សែអាត់ថតសំឡេងឱ្យសភាអាមេរិក នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

បើគេចាំមិនភ្លេចទេ នៅប៉ុន្មានថ្ងៃមុនបញ្ចប់តួនាទីលោកខូមី ពីនាយក FBI កាលពីថ្ងៃទី០៩ ខែឧសភា លោក ត្រាំ ខ្លួនឯងផ្ទាល់ធ្លាប់បាននិយាយថា មានការលួចថតសំឡេង កិច្ចសន្ទនារវាងលោកជាមួយលោក ខូមី។​ ដោយឡែក ប៉ុន្តែនៅពេលនេះ (ថ្ងៃព្រហស្បតិ៍នៅអាមេរិក) ប្រធានាធិបតីអាមេរិកដ៏ចម្រូង ចម្រាស់រូបនេះបែរ ជាអះអាងផ្សេងពីនេះទៅវិញ ដោយលោកបញ្ជាក់នៅ លើ Twitter ដូច្នេះថា៖ «ខ្ញុំមិនបានដឹងពីការលួចថតសំឡេងកិច្ចសន្ទនារបស់ខ្ញុំ ជាមួយលោក ជែម ខូមី នោះឡើយ ប៉ុន្តែខ្ញុំមិនបានធ្វើវាទេ ហើយខ្ញុំក៏មិនមានខែ្សអាត់ថតសំឡេងអ្វី ដែរ»

គួរបញ្ជាក់ថា នៅអំឡុងពេលផ្ដល់សក្ខីកម្ម ចំពោះមុខព្រឹទ្ធសភាអាមេរិក លោក ជែម ខូមី បានបញ្ជាក់ថា លោក ដូណាល់ ​ត្រាំ បានសុំឱ្យលោកបិទបញ្ចប់ការ ស៊ើបអង្កេតលើអតីត ទីប្រឹក្សាអាមេរិក លោក Michael Flynn នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពី ឆ្នាំ២០១៦ ហើយមកទល់ពេលនេះ រដ្ឋអាជ្ញាពិសេសអាមេរិក កំពុងស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ ជុំវិញការរំខានដល់ការស្វែងរកយុត្តិធម៌ ដែលជាទង្វើមួយផ្ទុយទៅនឹង រដ្ឋធម្មនុញ្ញអាមេរិក។ តែយ៉ាងណាក៏ដោយ ខាងសេតវិមានបានទាត់ចោល ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងប្រធានាធិបតីអាមេរិក៕ ​​