(សេអ៊ូល)៖ កូរ៉េខាងជើង​ទើបតែបានធ្វើតេស្ដ​សាកល្បង «ម៉ូទ័រគ្រាប់រ៉ុក្កែត» ដែល​សហរដ្ឋអាមេរិក​ជឿជាក់ថា ជាផ្នែកមួយ​នៃការអភិវឌ្ឍកម្មវិធី​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ។ ព័ត៌មាននេះ ត្រូវបានគេ​ទម្លាយឱ្យដឹងតែ​មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បានអំពាវនាវឱ្យចិន​បន្តដាក់សម្ពាធ​បន្ថែម​ទាំងការទូត និងសេដ្ឋកិច្ច​លើកូរ៉េខាងជើង​ ដើម្បីទប់ស្កាត់​កម្មវិធីមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំ​រវាងមន្ត្រីជាន់​ខ្ពស់អាមេរិក-ចិន នៅទីក្រុងវ៉ាស៊ីនតោន​ក្នុងសប្ដាហ៍នេះ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រីរូបនេះ​ដដែល នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ​បានប្រាប់ Reuters ទៀតថា ខ្លួនជឿជាក់ថា ការធ្វើតេស្ដ​ម៉ូទ័រគ្រាប់រ៉ុក្កែត​នេះ ត្រូវបានធ្វើឡើង​កាលពីជាង​ ២៤ម៉ោងមុននេះ ហើយវាអាចជា​ផ្នែកមួយ​នៃដំណាក់​កាល​អភិវឌ្ឍន៍ម៉ូទ័រគ្រាប់រ៉ុក្កែត សម្រាប់មីស៊ីល​ផ្លោង​ឆ្លងទ្វីប ICBM ដែលកូរ៉េខាងជើង​ទំនងជាអាច​នឹងបាញ់សាកល្បង​ជាលើកដំបូង​បំផុត នៅក្នុងឆ្នាំ២០១៧នេះ។ ទោះបីជាយ៉ាងណា មន្ត្រីអាមេរិក​រូបនេះមិនបានបញ្ជាក់​ព័ត៌មានលម្អិត​ ពាក់ព័ន្ធនឹងការធ្វើតេស្ដនេះ​នោះទេ ខណៈកូរ៉េខាងជើង ក៏មិនទាន់​បញ្ចេញប្រតិកម្ម​នឹងសេចក្ដីរាយការណ៍នេះដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ស្ថិតនៅចំងាយប្រមាណជា ៩,០០០គីឡូម៉ែត្រ​ពីកូរ៉េខាងជើង ចំណែឯ​មីស៊ីលផ្លោង ICBM ជាមធ្យមអាច​បាញ់បានចំងាយ​៥,៥០០គីឡូម៉ែត្រ ប៉ុន្តែ​គ្រាប់មីស៊ីលប្រភេទនេះ​ខ្លះអាចបាញ់បានចំងាយ ១០,០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ។ ជាងនេះ​ទៅទៀត​បើតាមក្រុម​អ្នកជំនាញ​ កូរ៉េខាងជើង​អាចនឹងផលិតបាន​មីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់ទ្វីប​អាមេរិកយ៉ាងយូរ​នៅឆ្នាំ២០២០៕