(ម៉ូស្គូ)៖ ក្នុងពេលតែមួយ​សប្តាហ៍ប៉ុណ្ណោះ យន្តហោះចម្បាំង​របស់ប្រទេសរុស្ស៊ី បានហោះស្ទាក់យន្តហោះស៊ើបការណ៍​របស់បរទេសចំនួន ​១៤គ្រឿង នៅក្បែរដែនអាកាសជាតិ​របស់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Spuntnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែ​មិថុនា ឆ្នាំ២០១៧។

សារព័ត៌មាន Krasnaya Zvezda ឬ Red Star ដែលមាន​ទំនាក់ទំនងជាមួយ​ក្រសួងការពារជាតិរុស្ស៊ី បានចុះផ្សាយថា យន្តហោះចម្បាំង​ធុន​ MiG-31 និង Su-27 របស់រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ត្រូវបានបញ្ជូន​ឲ្យឆ្លើយតប​ជាបន្ទាន់ ចំពោះការហើរ​ឆ្វែលចំនួន ២៣លើក របស់យន្តហោះ​​បរទេស​ចំនួន ១៤គ្រឿង ដែលភាគច្រើន​គឺជារបស់​សហរដ្ឋអាមេរិក​ក្នុងសប្តាហ៍នេះ។

សារព័ត៌មាន​ដដែលបានធ្វើការ​ប៉ាន់ប្រមាណថា យន្តហោះដ្រូន Global Hawk និងយន្តហោះ​ធុនធំ RC-135 របស់​អាមេរិក ទំនងជាបាន​ធ្វើ​បេសកកម្ម​​ស៊ើបការណ៍​ ចំនួន​១០លើកនៅក្បែរ​ព្រំដែនរុស្ស៊ី, យន្តហោះ P-3 Orion របស់ប្រទេស​​ន័រវ៉េស បានធ្វើ​បេសក​កម្ម​ស៊ើបការណ៍​ចំនួន​បួនលើក និងបីលើកទៀត​ត្រូវបានធ្វើឡើងដោយ​យន្តហោះ​ស៊ើបការណ៍ របស់កងទ័ពជើង​អាកាសនៃ​ប្រទេសស៊ុយអែត។ ក្រៅពីនេះ​​យន្តហោះ​របស់កងទ័ពអាកាស​ចក្រភពអង់គ្លេស និងបារាំង ក៏ត្រូវបាន​ប្រទះឃើញ​ដោយទីភ្នាក់ងារការពារដែនអាកាស របស់រុស្ស៊ីផងដែរ ហើយ​យន្តហោះ​របស់ព័រទុយហ្គាល់ និងជប៉ុន ក៏បានបង្ហាញ​វត្តមាននៅក្បែរ​ព្រំដែនរបស់ប្រទេស​រុស្ស៊ីដូចគ្នា។

គួរបញ្ជាក់ថា ចំនួនហេតុការណ៍​នៅលើដែនអាកាស ដែលពាក់ព័ន្ធ​នឹងយន្តហោះរបស់​រុស្ស៊ី និងបណ្តាប្រទេស​ជាសមាជិក​នៃអង្គការ NATO នោះ បានកើនឡើង​ជាបន្តបន្ទាប់​ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់ពីសម្ព័ន្ធមិត្ត​ដែលមានអាមេរិក​ជាបងធំនេះ បានបង្កើន​វត្តមាន​ក៏ដូចជា​ឥទ្ធិពលរបស់ពួកគេ នៅក្បែរព្រំដែន​ភាគខាងលិច​របស់​ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤៕