(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការសម្រេចចិត្ត​របស់សហភាពអឺរ៉ុប​ ក្នុងការអូសបន្លាយ​ពេល ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចប្រឆាំង​នឹងទីក្រុងម៉ូស្គូ គឺជាភាពបរាជ័យសម្រាប់ការទូត​អឺរ៉ុបទាំងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន លោក Konstantin Kosachev បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «នេះគឺជាបរាជ័យមួយ​ផ្សេងទៀតសម្រាប់ការ​ទូតអឺរ៉ុប ក្នុងការដោះស្រាយ​វិបត្តិអ៊ុយក្រែន... ហើយការសម្រេច​បែបនេះក៏គ្មានអ្វីថ្មី​នោះដែរ មានតែធ្វើឱ្យប៉ះពាល់ដល់​ការអនុវត្តន៍​ កិច្ចព្រមព្រៀងទីក្រុង Minsk​ តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា មេដឹកនាំអឺរ៉ុប​បានជួបប្រជុំគ្នារយៈពេល​០២ថ្ងៃ ក្នុងទីក្រុង​ព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២២ ដោយពួកគេ​បានឯកភាពគ្នា អូសបន្លាយ​រយៈពេលដាក់ ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំងនឹងរុស្ស៊ី ដែលបានផ្ដួចផ្ដើម​ឡើងតាំងតែពីឆ្នាំ២០១៤ សម្រាប់ការលូកដៃ​នៅក្នុងជម្លោះ នៅភាគខាងកើត​ប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មទំាងនេះ​ភាគច្រើន គឺផ្ដោតសំខាន់ទៅ​លើវិស័យថាមពល ឧស្សាហ​កម្មអាវុធ និងហិរញ្ញវត្ថុ​ជាដើម ហើយដែលនឹង​ត្រូវបន្តរហូត​ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧៕