(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចូលរួមទស្សនា​ដោយផ្ទាល់ ចំពោះការបាញ់​សាកល្បង​មីស៊ីលផ្លោង Hyunmoo-2 ដែលអាចរត់​បានចំងាយ ៨០០គីឡូម៉ែត្រ ហើយគ្រាប់​មីស៊ីលនេះ​ត្រូវបានគេបាញ់​ចំគោលដៅ​យ៉ាងល្អឥតខ្ចោះ តាមការគ្រោង​ទុកទៀតផង។ ប៉ុន្តែគួរឱ្យ​កត់សម្គាល់ ជោគជ័យ​នៃការធ្វើតេស្ដនេះ គឺជាសារ​មួយយ៉ាងរ៉ឹងមំា ផ្ញើជូន​ទីក្រុង​ព្យុងយ៉ាង ដែលតែងតែ​បាញ់បោះមីស៊ីល​ឥតកោតក្រែង​អ្នកជិតខាង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមអ្នកនំាពាក្យ​វិមាន​ប្រធានាធិបតី លោក ផាក ស៊ូយ៉ុន (Park Soo-hyun) លោក មូន ជែអ៊ីន បានចូលរួម​ទស្សនាការ​បាញ់សាកល្បង​មីស៊ីល Hyunmoo-2 នៅម៉ោងប្រមាណ ១០៖៣០នាទីព្រឹក​ថ្ងៃសុក្រនេះ នៅឯទីតំាង​ធ្វើតេស្ដរបស់​ទីភ្នាក់ងា​រ សម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅភាគនិរតី​ប្រទេស​កូរ៉េខាងត្បូង។ ជាងនេះទៅទៀតការ​អង្កេតមើល​ដោយ​ផ្ទាល់នេះ គឺជាសារ​ព្រមានចំពោះ​កូរ៉េខាងជើង សម្រាប់ការ​ធ្វើសកម្មភាព​បង្ករឿងជាបន្តបន្ទាប់​នាពេលថ្មីៗនេះ ត្បិតភាពជោគជ័យ​នៃការបាញ់​សាកល្បង​មីស៊ីល Hyunmoo-2 គឺជាផ្នែកមួយ​នៃគំរោង​ទប់ស្កាត់​ការគំរាមកំហែង​ពី​មីស៊ីល​ របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ការបាញ់សាកល្បង​មីស៊ីលផ្លោង Hyunmoo-2 ពីសំណាក់​កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពី​មន្ត្រីអាមេរិក​ម្នាក់​បានអះអាងថា កូរ៉េខាងជើង​ទើបតែបាន​ធ្វើតេស្ដសាក​ល្បងម៉ូទ័រ​គ្រាប់រ៉ុក្កែត ដែលសហរដ្ឋអាមេរិក​ជឿជាក់ថា ជាផ្នែកមួយ​នៃការអភិវឌ្ឍកម្មវិធីមីស៊ីល​ផ្លោងឆ្លងទ្វីប ICBM ខណៈ​កូរ៉េខាងជើង ត្រូវបានគេជឿ​ជាក់ថា នឹងបាញ់សាកល្បង​មីស៊ីល ICBM ជាលើកដំបូង​ក្នុងឆ្នាំ២០១៧នេះ៕