(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានអះអាងនៅថ្ងៃសុក្រនេះថា គ្រោះអគ្គិភ័យឆាបឆេះអាគារ Grenfell Tower មានកម្ពស់២៤ជាន់ នៅក្នុងទីក្រុងឡុងដ៍ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ នេះគឺកើតឡើងចេញពីបញ្ហាទូរទឹកកកនៅក្នុងអាគារ និងដោយសារការធ្វេសប្រហែសក្នុងការត្រួតពិនិត្យផ្នែកសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
គួររំលឹកថា អគារ Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះ ចាប់តាំងពីជាន់ទីពីរ រហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ មនុស្សរាប់រយនាក់រួមមានទាំងកុមារ និងជនចាស់ជរា ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណជា ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់ ២៤ជាន់នោះនៅពេលដែលអគ្គីភ័យបានកើតឡើង។ ចំណែកឯអភិបាលទីក្រុងឡុងដ៍ក៏ធ្លាប់បានទទួលស្គាល់ថា មូលហេតុនៃអគ្គិភ័យនេះបណ្ដាលមកពីកំហុស និងការធ្វេសប្រហែស ខណៈមកទល់ពេលនេះមនុស្សជិត១០០នាក់ ត្រូវបានគេសង្ស័យថាបានស្លាប់៕