(បាងកក)៖ គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ថៃ (NBTC) បានតម្រូវឲ្យក្រុមហ៊ុន Facebook, Youtube និង Netflix ធ្វើការអនុវត្តន៍ទៅតាមអ្វី ដែលច្បាប់របស់ប្រទេសអាស៊ានមួយនេះបានកំណត់ កាលពីដើមសប្តាហ៍នេះ ដោយមានរយៈពេលកំណត់មួយខែរហូតដល់ថ្ងៃទី២២ ខែកក្កដាខាងមុខនេះ បើមិនដូច្នោះទេក្រុមហ៊ុនទាំងនេះ នឹងប្រឈមមុខការបិទ លែងឲ្យផ្សព្វផ្សាយពាណិជ្ជកម្មតែម្តង។ នេះបើតាមការដកស្រង់សម្តីរបស់ លោក Natee Sukolrat អនុប្រធានគណៈកម្មការ NBTC ដោយសារព័ត៌មានថៃ Bangkok Post នាល្ងាចថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មានខាងលើនេះបានឲ្យដឹងទៀតថា តាមរយៈការបើកការិយាល័យនៅក្នុងប្រទេស និងការចុះឈ្មោះក្រុមហ៊ុនទាំងនេះដោយស្របច្បាប់ អាជ្ញាធរថៃចង់ឲ្យក្រុមហ៊ុនបរទេសទាំងនេះ ធ្វើការអនុឡោមទៅតាមច្បាប់ផ្តល់សេវាកម្ម OTT ដែលវាជាប់ពាក់ព័ន្ធទៅនឹងការបង់ពន្ធលើប្រាក់ចំណូលសាជីវកម្ម និងកែលម្អរាល់បញ្ហានានាដែលត្រូវបានលើកឡើង។
អនុប្រធាន NBTC បានសង្កត់ធ្ងន់ទៀតថា និយតករកំពុងតែធ្វើការពិចារណាក្នុងការទប់ស្កាត់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងឡាយខាងលើនេះ ប្រសិនបើពួកគេបរាជ័យក្នុងការចាត់វិធានការត្រឹមថ្ងៃទី២២ ខែកក្កដា។ ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោក Natee Sukolrat មានបំណងចង់បិទបណ្តាញសង្គម និងសេវាកម្មកម្សាន្តទាំងនេះ ដោយសារតែវាកំពុងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់៕