(សេអ៊ូល)៖ មិត្តភត្តិដ៏យូរអង្វែងនិងជិតស្និទ្ធបំផុត របស់អតីតប្រធានាធិបតីកកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលត្រូវ​បានគេ​​ទម្លាក់​ចេញ​ពី​តំណែងគឺលោកស្រី ឆយ ស៊ូនស៊ីល នាថ្ងៃសុក្រនេះ ត្រូវបានតុលាការទីក្រុងសេអ៊ូល ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេលបីឆ្នាំ​ ​សម្រាប់ការចោទប្រកាន់មួយ ក្នុងចំណោមការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួនផ្សេងទៀត ប្រឆាំងទៅលើរូបលោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប​ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

នាថ្ងៃសុក្រនេះ តុលាការទីក្រុងសេអ៊ូលបានសម្រេចផ្តន្ទាទោសលោកស្រី ឆយ វ័យ៦១ឆ្នាំ ដាក់ពន្ធនាគាររយៈពេលចំនួនបីឆ្នាំ ដោយសា​រ​ការ​​ស្នើសុំសិទ្ធិអនុញ្ញាតពិសេសដោយខុសច្បាប់ សម្រាប់ឲ្យកូនស្រីរបស់លោកស្រី បានចូលសិក្សានៅក្នុងសាកលវិទ្យាល័យដ៏មានកេរ្តិ៍​ឈ្មោះមួយនៅកូរ៉េខាងត្បូង ហើយទទួលបានចំណាត់ថ្នាក់ល្អ ដោយពុំចាំបាច់ខិតខំប្រឹងប្រែងនោះឡើយ។

នេះគ្រាន់តែការសម្រេច​ផ្តន្ទាទោសដំបូងមួយប៉ុណ្ណោះ នៅក្នុងចំណោមសំណុំរឿងមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធជាមួយលោកស្រី ឆយ ក៏ដូចជាលោកស្រី ផាក គឺនហេ ខណៈរឿងក្តីទាំងប៉ុន្មានផ្សេងទៀតនោះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីនៅឡើយ ហើយជោគវាសនារបស់​លោកស្រី ផាក ក្រោយពីត្រូវបានទម្លាក់ចេញពីតំណែងឲ្យក្លាយមកជារាស្រ្តសាមញ្ញាធម្មតានេះ ក៏មិនទាន់ដឹងថានឹងទៅជាយ៉ាងណា​ផង​ដែរ។

សូមជំរាបថា លោកស្រី ឆយ ស៊ូនស៊ីល នេះហើយ គឺជាដើមចមនៃរឿងស្រូវពុករលួយដ៏កក្រើកនៅកូរ៉េខាងត្បូង ដែលបានបណ្តាលឲ្យ​​ឈានទៅដល់ការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែង ហើយក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានកំណត់ថាលោកស្រី ឆយ និង​លោកស្រី ផាក គឺជាដៃគូ​ឧក្រិដ្ឋ​ជន​នឹងគ្នា។ លោកស្រី ឆយ ត្រូវគេសង្ស័យថា បាន​ប្រើប្រាស់ឥទ្ធិពល ក្នុងនាមជាមិត្តជិតស្និទ្ធរបស់លោកស្រី ផាក ដើម្បី​ជំរិតប្រាក់រាប់សិបលានដុល្លារ​ពី​ក្រុម​ហ៊ុន​ធំៗ ហើយលោកស្រី ក៏ត្រូវបានចោទប្រកាន់ពីបទលូកលាន់ចូលកិច្ចការផ្ទៃក្នុងរដ្ឋាភិបាល នៅ​ពី​ក្រោយ​ឆាក​ផង​ដែរ ដែលរឿងទាំងអស់នេះ បានបណ្តាលឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់រាប់ម៉ឺននាក់ មានការខឹងសម្បារជាខ្លាំង រហូតដល់​ថ្នាក់បាននាំគ្នាធ្វើការតវ៉ាដោយអហិង្សាអស់រយៈពេលជាច្រើនខែ ដើម្បីទាមទារឲ្យលោកស្រី ផាក ចុះចេញពីតំណែង៕​