(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការដកការហ៊ុព័ទ្ធសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសគុយបា ដែលត្រូវបានដាក់អនុវត្ត អស់រយៈពេលជាង៥ទសវត្សមកហើយនោះ។ នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនាយប់ថ្ងៃទី២៣ ខែមិថុនានេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅពេលដែលឆ្លើយសំណួរ របស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងទៅនឹងការកែសម្រួល​គោលនយោបាយ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសគុយបា។

«វៀតណាម ប្រឆាំងទៅនឹងការហ៊ុព័ទ្ធសេដ្ឋកិច្ច ជាឯកតោភាគីណាមួយ ដែលប្រទេសមួយ បានដាក់ទៅលើប្រទេសមួយផ្សេងទៀត» នេះបើតាមសម្តី លោកស្រីនាំពាក្យ។

លោកស្រីបន្ថែមថា វៀតណាមចង់ឲ្យគុយបា និងសហរដ្ឋអាមេរិក ដោះស្រាយនូវការមិនចុះសម្រុងគ្នា តាមរយៈការចរចា និងពិភាក្សា ដោយគោរពឯករាជ្យ និងអធិបតេយ្យភាព គ្នាទៅវិញទៅមក និងសំដៅទៅរក ការធ្វើទំនាក់ទំនងទ្វេរភាគីគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផលប្រយោជន៍ស្របច្បាប់ នៃប្រជាជន និងប្រទេសទាំងពីរ៕