(ម៉ានីល)៖ រដ្ឋាភិបាលទីក្រុងម៉ានីល​នាថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការស្វាគមន៍ ចំពោះបំណងល្អ​របស់ប្រទេស​អូស្រ្តាលី ដែលបានគ្រោង​នឹង​បញ្ជូនយន្តហោះស៊ើបការណ៍​របស់ខ្លួន មកជួយហ្វីលីពីន​ទប់ទល់​ ក៏ដូចជាកម្ចាត់ក្រុម​សកម្មប្រយុទ្ធ​បណ្តាញ ISIS នៅក្នុង​ទីក្រុង Marawi ភាគ​ខាងត្បូង​នៃប្រជាជាតិអាស៊ី​អាគ្នេយ៍​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

លោក Ernesto Abella អ្នកនាំពាក្យ​ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅទីក្រុង​ដាវ៉ៅថា ប្រទេស​ហ្វីលីពីន​ស្វាគមន៍ចំពោះបំណងដ៏ល្អ​របស់ភាគី​អូស្រ្តាលី ហើយនាឱកាសនោះ លោក Abella បានបន្ថែមថា រដ្ឋាភិបាល​ទីក្រុងម៉ានីល​​ នឹង​ស្វាគមន៍​ដោយរីករាយជានិច្ច ចំពោះការផ្តល់ជាជំនួយគ្រប់ទម្រង់​ពីបរទេស ដែលស្ថិតក្រោម​ការអនុញ្ញាត​នៃរដ្ឋធម្មនុញ្ញរបស់យើង ដើម្បី​​ជួយដល់​ការបង្រ្កាបពួកឧទ្ទាម​នៅក្នុងទីក្រុង Marawi។

រដ្ឋមន្រ្តីការពារជាតិ​អូស្រ្តាលី លោក Marise Payne បានឲ្យដឹងនៅ​ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរបស់​លោក នឹងធ្វើការបញ្ជូន​យន្ត​ហោះស៊ើបការណ៍​ដ៏ទំនើបធុន AP-3C Orion ចំនួនពីរគ្រឿង​មកឲ្យជួយជ្រោមជ្រែង​កម្លាំងយោធា​ហ្វីលីពីន កម្ទេចក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ដែលជា​បណ្តាញ ក្រុមភេរវករដ៏ល្បីល្បាញ ISIS ដែលនៅសេសសល់ទាំងប៉ុន្មាន ក្នុងទីក្រុង Marawi ភាគខាងត្បូងនេះ។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធជាងមួយខែ​មកនេះ​នៅក្នុងទីក្រុង Marawi បានផ្តាច់យក​អាយុជីវិតមនុស្ស​អស់យ៉ាងតិច ៣៧៥នាក់ ដោយរួមបញ្ចូល​ទាំងប្រជាជនស្លូត​ត្រង់ ២៦នាក់ និងពលទាហាន​ក៏ដូចជាប៉ូលិស ៦៩នាក់ ខណៈប៉ុន្មានផ្សេង​ទៀតគឺជាក្រុម​សកម្មប្រយុទ្ធ។ លើសពីនេះទៀត ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងទីក្រុងនេះ​ ភាគច្រើន​បានភៀសខ្លួន​ពីលំនៅឋាន​របស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នា​ដោយ​អាវុធ រវាងកងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន និងក្រុមសកម្មប្រយុទ្ធ​បានផ្ទុះឡើង​កាលពី​ថ្ងៃទី២៣ ខែឧសភា​កន្លងទៅ៕