(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នាថ្ងៃសៅរ៍នេះ បានចាប់ផ្តើមការ​ធ្វើដំណើរទស្សនកិច្ចទៅកាន់បីប្រទេសជាដៅ​គោលដៅធំៗ ដោយក្នុងចំណោម​ប្រជាជាតិទាំងនោះ​ ក៏មានសហរដ្ឋអាមេរិកជាមហាអំណាចលេខ១លើពិភពលោកផង។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា នឹងធ្វើដំណើរទៅ​កាន់ប្រទេស​ព័រទុយហ្គាល់ សហរដ្ឋអាមេរិក និងហូឡង់ ក្នុងអំឡុងការ​បំពេញទស្សនកិច្ច​រយៈ​ពេលចំនួនបួន​ថ្ងៃរបស់លោក។ អ្នកនាំពាក្យ​រដ្ឋាភិបាលឥណ្ឌាម្នាក់ ដោយដកស្រង់​សំដីលោក Modi បានឲ្យដឹងថា​ «ដំណើរទស្សនកិច្ចនៅ​ឯក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង​ពង្រឹងទំនាក់ទំនងទ្វេភាគី​ រវាងឥណ្ឌា និងប្រទេសទាំងបី នៅក្នុងវិស័យផ្សេងៗជាច្រើន»

គួរបញ្ជាក់ថា លោក Narendra Modi ជាដំបូងនៅធ្វើ​ទស្សនកិច្ច​នៅឯរដ្ឋធានី Lisbon របស់​ព័រទុយហ្គាល់ នារសៀល​ថ្ងៃសៅរ៍នេះ។ លោក Modi បានបញ្ជាក់ថា នៅក្នុងអំឡុង​ការបំពេញទស្សនកិច្ច​របស់លោក​នៅព័រទុយហ្គាល់ ប្រទេសទាំងពីរ​នឹងពិភាក្សាគ្នា​អំពីវិធីសាស្រ្ត​ ដើម្បី​បន្តពង្រឹង​ទំនាក់ទំនង​ទ្វេភាគី នៅក្នុងការធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា អវកាស ក៏ដូចជាចំណង​ទាក់ទងរវាង​​ប្រជាជន​នៃប្រជាជាតិទាំងពីរ។

បន្ទាប់មកទៀតចាកចេញពីព័រទុយហ្គាល់ លោកនាយករដ្ឋមន្រ្តីឥណ្ឌា នឹងបន្តដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ​ក្រោមការអញ្ជើញ​របស់ប្រធានាធីបតីលោក ដូណាល់ ត្រាំ។ អំឡុងពេល​នៃការបំពេញ​ទស្សនកិច្ច​នៅទីនោះ (ថ្ងៃសៅរ៍​នេះដល់​ថ្ងៃ​ចន្ទ​​សប្តាហ៍​ក្រោយ) លោក Modi បានឲ្យដឹង​ថា​ ​​រូបលោករំពឹងថា នឹងមានការផ្លាស់​ប្តូរទស្សនៈស៊ីជម្រៅស្តីពី ការពង្រឹង​ភាពជាដៃគូរវាងឥណ្ឌា​និង​អាមេរិក នៅក្នុងជំនួបលើក​ដំបូងជាមួយលោក ត្រាំ។ ជាចុងបញ្ចប់នា​ថ្ងៃអង្គារសប្តាហ៍ក្រោយ លោក Modi នឹងឆ្ពោះទៅកាន់​ប្រទេស​ហូឡង់៕