(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក​បានត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បីរៀបចំបង្កើត​សេចក្តីព្រាងច្បាប់​ថ្មីមួយទៀត ដើម្បីដាក់ទណ្ឌកម្មផ្នែក​​ហិរញ្ញវត្ថុ ប្រឆាំង​ទៅលើប្រទេសកូរ៉េខាងជើង​ព្រោះថា កម្មវិធី​នុយក្លេអ៊ែរ-មីស៊ីលផ្លោង​របស់របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង កំពុងមានភាព​រីក​​ចម្រើន​​យ៉ាងរហ័ស និងកំពុងតែសំដៅឆ្ពោះ​ទៅកាន់​ចំណុចមួយ ដែលនឹងគ្មាន​ការបកត្រឡប់ក្រោយ​វិញនោះឡើយ។ នេះ​បើ​តាម​​ការ​ចេញ​​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

លោក Cory Garder ដែលជាព្រឹទ្ធសមាជិក​អាមេរិក​មួយរូប បានធ្វើការ​លើកឡើង​បែបនេះ នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយ សំដៅថ្កោល​ទោស​ចំពោះការធ្វើតេស្ត​ម៉ូទ័រគ្រាប់រ៉ុក្កែត​នាពេលថ្មីៗនេះ របស់​កូរ៉េខាងជើង ដែលអាចត្រូវយក​ទៅប្រើប្រាស់ នៅក្នុងប្រភេទមីស៊ីល​ផ្លោង​​អន្តរទ្វីប ដែលមាន​សមត្ថភាពវាយប្រហារ​ដល់ទឹកដី​សហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា លោក Gardner ប្រធាន​នៃអនុគណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃព្រឹទ្ធសភា​អាមេរិកនោះ គឺជាបុគ្គល​ដ៏មានឥទ្ធិពល​មួយរូប នៅក្នុងសភាជាតិ​នៃប្រទេសមហា​អំណាច​ពិភពលោក​មួយនេះ សម្រាប់ការដាក់​សម្ពាធធ្ងន់ៗ​ទៅលើ​កូរ៉េ​ខាងជើង។ ម៉្យាងវិញទៀត​រូបលោកនេះ​ហើយ គឺជាអ្នកដែល​បានរៀបចំ​បង្កើតទណ្ឌកម្ម​ដ៏សំខាន់មួយ ប្រឆាំងនឹង​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​ ដែលត្រូវបាន​អនុម័តដោយសភាកាល​ពីឆ្នាំមុន៕