(ប៉េកាំង)៖ ករណីគ្រោះរអិលបាក់ដី​ដ៏សាហាវនៅខេត្ត ស៊ីឈាន់ តំបន់ភ្នំ ភាគនិរតី ប្រទេសចិន បណ្តាលឲ្យអ្នកស្លាប់កើនឡើង១៥នាក់ និងកំពុងបាត់ខ្លួនក្រោមគំនរដីជាង១២០នាក់ និង​​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែងប្រជាជនប្រមាណ៤៦ខ្នងនោះ។ នេះបើតាមការឲ្យ​ដឹង​ពីរដ្ឋបាលថ្នាក់តំបន់ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវ​យ៉ាងទទូចដល់ក្រុម​ជួយសង្រ្គោះ ឲ្យខិតខំប្រឹងប្រែង​អស់ពីសមត្ថភាព​ ដើម្បីជួយសង្រ្គោះ​ជនរងគ្រោះជាច្រើន នាក់ ដែលបានកប់ខ្លួន​ក្រោមគំនរដី ក្រោយហេតុការណ៍​នៃគ្រោះរអិលបាក់ដីដ៏រន្ធត់មួយ​នាព្រឹកថ្ងៃសៅរ៍នេះ នៅតំបន់ភ្នំ​ភាគនិរតីនៃប្រទេសចិន។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដី​ខាងលើមានប្រភពមកពីផ្នែកខាងលើ​នៃភ្នំដ៏ធំមួយ នៅក្នុងតំបន់ស្វយ័តទីបេ និង Qiang បានវាយប្រហារ​ចំលើភូមិ Xinmo ក្នុងស្រុក Maoxian នៃខេត្តស៊ីឈាន់ កាលពីវេលាម៉ោង​ប្រហែលជា ៦៖០០នាទីព្រឹកថ្ងៃសៅរ៍ ហើយបាន​បង្កការរាំងស្ទះ​ដល់កំណាត់​ទន្លេប្រវែងពីរ​គីឡូម៉ែត្រ និងលុបផ្លូវថ្នល់ធ្វើដំណើរ​ចម្ងាយ១,៦០០ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ខេត្ត ក៏បានបញ្ជូន​ក្រុម​ប្រតិបត្តិ​ការ​សង្រ្គោះ​​បន្ទាន់រាប់រយនាក់ ទៅកាន់តំបន់រង​គ្រោះផងដែរ ប៉ុន្តគេនៅមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនៅឡើយទេ៕