(តួកគី)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គាន់ នៅថ្ងៃអាទិត្យនេះ​បានច្រាន​ចោលចំពោះបណ្តាប្រទេសអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាអ្នកនាំមុខ ក្នុងការទាមទារ​ឲ្យបិទ​មូលដ្ឋានទ័ពតួកគីប្រចាំប្រទេសកាតា ហើយតួកគីថែមទាំងបានហៅទៀតថា ការទាមទារ​​ទាំងនោះគឺមិន​ស្របច្បាប់ និងរំលោភ​លើអធិបតេយ្យភាព​រដ្ឋឈូងសមុទ្រមួយនេះ​ថែមទៀត។ នេះបើតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាល្ងាច​ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧។

នេះជាលើកដំបូងហើយ សម្រាប់តួកគីដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹង និងបើកចំហចំពោះប្រទេសកាតា នៅក្នុងវិបត្តិការទូតរវាងបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលបានអូសបន្លាយមក ៣សប្តាហ៍ហើយនេះ។ លោក អឺដូហ្គាន់ នៅក្នុងឱកាសនោះបាន​ហៅថា ការទាមទារឲ្យបិទមូលដ្ឋានទ័ពតួកគីនៅកាតាថា «ជាទង្វើដែលមិនផ្តល់ការគោរព​ទាល់តែសោះ» ហើយទីក្រុងដូហា ក៏កំពុងតែរៀបចំការឆ្លើយតប​ដ៏ត្រឹមត្រូវចំពោះ​រឿងនេះដែរ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេង​ទៀត​ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន​បានស្នើឱ្យកាតា បិទស្ថានីយ៍​ទូរទស្សន៍ Al Jazeera កាត់ផ្ដាច់​ទំនាក់ទំនង​ការទូតជាមួយអ៊ីរ៉ង់ និងបិទ​មូលដ្ឋានទ័ព​តួកគី​នៅក្នុងប្រទេស។ ការស្នើឡើង​បែបនេះ​របស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងព្រះហាក្សត្រ​អារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានពិភាក្សាគ្នាតាម​​ទូរស័ព្ទ​លើ​សំណុំរឿងកាតា កាលពី​ថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំទំាងពីរ​ក៏បានព្រមព្រៀងគ្នា​ដែរថា នឹងបង្កើនកិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាពតានតឹង​នៃ ទំនាក់ទំនងជា​មួយទីក្រុងដូហា។ ​

ឆ្លើយតបនឹងបញ្ហានេះប្រទេសកាតា​បានបញ្ជាក់ថា ការទាមទារដ៏ច្រើនពី​ពិភពអារ៉ាប់ ជាពិសេសអារ៉ាប៊ីសាអូឌីត ឲ្យខ្លួនធ្វើរឿង​ជាច្រើនក្នុងនោះមានដូចជា កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទទូរទស្សន៍ Al Jazeera និងបិទមូលដ្ឋានទ័ព​តួកគី​ប្រចាំប្រទេសកាតានោះ គឺជារឿងដែលគ្មានហេតុផល និងមិនអាចទៅរួច ប៉ុន្តែទីក្រុងដូហានឹងធ្វើការឆ្លើយតបជា​ផ្លូវការទៅកាន់ប្រទេសអារ៉ាប់ទាំងនោះ នៅក្នុងពេលឆាប់ៗ៕