(ប្រ៊ីសបេន)៖ កំពូលអ្នកប្រដាល់ប្រចាំទ្វីបអាស៊ី Manny Pacquiao នឹងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ដោយត្រូវប៉ះជើងខ្លាំងប្រចាំប្រទេសអូស្រ្តាលី Jeff Horn នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ។

នេះជាលើកទី១ហើយសម្រាប់ខ្លាកំណាចជនជាតិហ្វីលីពីន វ័យ៣៨ឆ្នាំ Pacquiao ឡើងការពារខ្សែក្រវាត់ WBO គិតចាប់តាំងពីបានឈ្នះកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយផ្តួលម្ចាស់ខ្សែក្រវាត់ជនជាតិអាមេរិក Jessie Vargas នៅរដ្ឋ Naveda សហរដ្ឋអាមេរិក និងត្រូវបានលុបការប្រកួតចោលវិញជាមួយ Amir Khan ជនជាតិអង់គ្លេស ដោយសារតែបញ្ហាតម្លៃខ្លួនដែលគ្រោងនឹងវ៉ៃនៅប្រទេសអារ៉ាប់រួម នាពាក់កណ្តាលខែមេសាកន្លងទៅ។

បុរសកូន ៥នាក់ (ប្រុស៣ និងស្រី២នាក់) មិនដែលមានប្រវត្តិជួប Jeff Horn ដែលមានវ័យទើបតែ ២៩ឆ្នាំនោះទេ តែការប្រកួតលើកនេះ នឹងធ្វើឡើងនៅលើសង្វៀន Suncorp Stadium ស្ថិតក្នុងទីក្រុង Brisbane នៃប្រទេសអូស្រ្តាលី នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨៖០០នាទីព្រឹកតទៅ (ម៉ោងនៅកម្ពុជា)។

សមាជិកសភាហ្វីលីពីន Manny Pacquiao កម្ពស់ ១.៦៧ម៉ែត្រ ឡើងប្រកួតបាន៦៧ដងហើយនាពេលកន្លងមក ដោយធ្លាប់ឈ្នះ៥៩ដង ស្មើ២ដង ចាញ់៦ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន៣៨ដង គ្រាដែលគូប្រជែងនាចុងសប្តាហ៍នេះ Jeff Horn កម្ពស់ ១.៧៥ម៉ែត្រ ទើបតែឡើងវ៉ៃបាន ១៧ដងតែប៉ុណ្ណោះ មិនដែលចាញ់ ស្មើ១ដង ឈ្នះ១៦ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ១១ដង៕