(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាន​បានឲ្យដឹងថា ចំនួនអ្នកស្លាប់​នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ ផ្ទុះរថយន្តដឹកប្រេង ក្នុងប្រទេស​ប៉ាគីស្ថាន​បានកើនឡើង​ដល់ជាង១៥៣នាក់ហើយ ខណៈមនុស្ស១០០នាក់​ផ្សេងទៀត​បាន​រងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នា២០១៧។

អាជ្ញាធរប៉ាគីស្ថាន​បានឲ្យដឹងទៀតថា ក្នុងចំណោមមនុស្ស​ជាង​១០០នាក់ ដែលរងរបួស​ មានជាង​៣០នាក់របួសធ្ងន់ធ្ងរ។ ហេតុការណ៍​ដ៏គួរឲ្យតក់ស្លុតបំផុតនេះ បានកើតឡើង​នៅទីក្រុង Bahawalpur ភាគខាងកើត​ប្រទេសប៉ាគីស្ថាន​ក្នុងខេត្ត Punjab នៅវេលាម៉ោង៦៖៣០នាទី​ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ (ម៉ោងនៅ​ក្នុងតំបន់)។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​នៅក្នុងតំបន់ ហេតុការណ៍ផ្ទុះនេះ​បានកើតឡើង​នៅពេលរថយន្ត​ដឹកប្រេងមួយគ្រឿង​បានក្រឡាប់ ដោយបណ្តាល​ឲ្យផ្ទុះឆាបឆេះ​រាលដាលដល់​រថយន្ត និងម៉ូតូ​ដទៃទៀត ដែលកំពុងធ្វើ​ចរាចរណ៍នៅតាមដងផ្លូវ។ មកទល់នឹងពេលនេះ​មូលហេតុពិតប្រាកដ​នៃសោកនាដកម្មនេះ ពុំទាន់ត្រូវបាន​គេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែ​ដឹងថា រថយន្ដដឹកប្រេងនេះ​ធ្វើដំណើរពីទីក្រុង Karachi ឆ្ពោះទៅកាន់​ទីក្រុង Lahore នៃខេត្ត Punjab ក៏ប៉ុន្តែស្រាប់តែ​អ្នកបើកបរបាត់បង់​ការគ្រប់គ្រង ហើយធ្វើឱ្យ​រថយន្ដនេះ​ក្រឡាប់តែម្ដងនៅលើផ្លូវ highway ខាងក្រៅ​ទីក្រុង Bahawalpur៕