(ម៉ូស្គូ)៖ សមាជិកសភា​ជាន់ខ្ពស់រុស្ស៊ី លោក Frants Klintsevich បាននិយាយថា ទីក្រុងម៉ូស្គូ ជំទាស់ជាដាច់ខាត​ទៅនឹងការផ្គត់ផ្គង់​អាវុធ គ្រប់ទម្រង់ទំាងអស់​ទៅឱ្យអ៊ុយក្រែន​ព្រោះថា ការធ្វើបែបនេះ​មានតែ​ធ្វើឱ្យស្ថានភាព​នៅក្នុងតំបន់​ កាន់តែអស្ថិរភាពខ្លាំងឡើងប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik លោក Frants Klintsevich បានលើក​ឡើងយ៉ាងដូច្នេះថា «ក្នុងនាម​ជា​យោធាម្នាក់ ខ្ញុំសូមនិយាយ​នៅថ្ងៃនេះថា គោលជំហរ​របស់រុស្ស៊ីគឺច្បាស់លាស់​ជាទីបំផុត... ពោលគឺយើង​ជំទាស់ជាដាច់ខាតនឹងការ​ផ្គត់ផ្គង់អាវុធ​ដល់ប្រទេស​ ដែលកំពុង​ជាប់ផុង​នៅក្នុង​សង្រ្គាមស៊ីវិល ត្បិតការធ្វើបែបនេះ​ គ្មានបានជួយអ្វីទាល់តែ​សោះ ក្រៅតែពីធ្វើ​ឲ្យស្ថានភាពបច្ចុប្បន្ន រឹតតែស្មុកស្មាញ និងអស្ថិរភាពកាន់តែ​ខ្លាំងឡើង»

គួររំលឹកថា កាលពីដើម​ខែមិថុនា ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បានអះអាងថា លោកបាន​ចុះកិច្ចព្រមព្រៀងអាវុធ​មួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងពេល​លោកបំពេញ​ដំណើរទស្សនកិច្ច​ក្នុងទីក្រុង​វ៉ាស៊ីនតោន នាពេលថ្មីនេះ។ ជាងនេះទៅទៀត កាលពីដើម​ខែឧសភា​កន្លងទៅ ព្រឹទ្ធសភាអាមេរិក​ក៏បាន​អនុម័ត លើសេចក្ដីព្រាង​កញ្ចប់ថវិកា​សហព័ន្ធ ដើម្បីបន្ត​ផ្ដល់ជំនួយ​បន្ថែមដល់​ប្រទេសអ៊ុយក្រែន ក្នុងទំហំ​ទឹកប្រាក់ ៤១០លានដុល្លារ ក្នុងនោះរួម​មាន​១៥០លានដុល្លារ សម្រាប់​ជំនួយផ្នែក​យោធា​ផងដែរ៕