(ម៉ូស្គូ)៖ ក្រោយការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស របស់រដ្ឋបាល​អាមេរិកក្រោមការ​ដឹកនាំ​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការ​ដក​ខ្លួនចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួលអាកាសធាតុ​ទីក្រុងប៉ារីស ប្រធានាធិបតី​បារាំងថ្មី លោក Emmanuel Macron និងតារាហូលីវូដ​ដ៏ល្បីមួយ​រូបគឺ លោក Arnold Schwarzenegger ដែលធ្លាប់កាន់​តួនាទីជាអភិបាល​រដ្ឋកាលីហ្វរញ៉ា​បានជិត ១០ឆ្នាំផងដែរនេះ​បានរួមគ្នា​ធ្វើការឌឺដង​​ផ្លែ​ផ្កា​​ដោយប្រយោល​ដាក់លោក ត្រាំ។ នេះបើ​តាមការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧​។

នៅក្នុងឃ្លីប​វីដេអូខ្លីមួយលើបណ្តាញ​អ៊ីនធើណែត លោក Macron និងលោក Schwarzenegger បានប្រកាសបែប​ចំអកឲ្យ​មេដឹកនាំ​​​អា​មេរិកថា ពាក់ព័ន្ធនឹង​គម្រោងនៃ​ការបង្កើតអនាគត​ ពោរពេញដោយ​ធម្មជាតិ​ពណ៌បៃតង និងដោះស្រាយ​បញ្ហាបរិស្ថាន​ដែលពិភពលោក​កំពុង​ជួបប្រទះសព្វថ្ងៃនេះ ដោយប្រើប្រាស់​ពាកស្លោកដ៏ពេញ​និយម​ កាលពីអំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់ លោក ដូណាល់ ត្រាំ គឺ​ឃ្លា ​«ធ្វើឲ្យអាមេរិក​មានភាពអស្ចារ្យ​សាជាថ្មី​ឡើងវិញ (Make America Great Again)»

លោក Schwarzenegger បានគូសបញ្ជាក់ «ខ្ញុំនៅទីនេះជា​មួយប្រធានាធិបតី Marcon... ពួកយើង​កំពុង​ពិភាក្សា​គ្នាអំពី​បញ្ហាបរិស្ថាន និងអនា​គត​ពណ៌បៃតងខ្ចី​សម្រាប់ផែនដី»។ ភ្លាមៗនោះ​លោកប្រធានាធិបតិ​បារាំងក៏​បានបន្ថែមថា «ឥឡូវនេះ​ពួកយើងនឹង​សហការគ្នា​ ចូល​រួមបង្កើតពិភពលោករបស់យើង ឲ្យមានភាពអស្ចារ្យ​ឡើងវិញម្តងទៀត»។  

កាលពីថ្ងៃសៅរ៍សប្តាហ៍​មុនវីដេអូរបស់ លោក Schwarzenegger ដែលមានរួមបញ្ចូល​ទាំងចំណងជើងថា «នៅជាមួយ​ប្រធានាធិបតី Macron ដែល​ជា​មេ​ដឹក​នាំ​​ដ៏​អស្ចារ្យ​មួយរូប» ត្រូវបាន​បង្ហោះនៅលើ​រាល់ Account បណ្តាញទំនាក់ទំនង​សង្គមទាំងអស់ របស់​អតីត​​អភិបាលរដ្ឋ​កា​លី​ហ្វរ​ញ៉ារូបនេះ។ នៅក្នុងរយៈពេល​ត្រឹមតែ ២៤ម៉ោង សារភ្ជាប់ជាមួយវីដេអូនេះ ដែលបង្ហោះ​នៅលើ Twitter មាន​ការ​ចែក​​រំលែក​បន្ត​ដល់​ទៅ​ជាង ​​១១,០០០លើក ខណៈនៅ​លើ Facebook របស់​លោក Schwarzenegger ទទួលបានការ​ទស្សនាជាង ១.៦លានដង​ ក្នុងពេលមួយថ្ងៃ​​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក Schwarzenegger ក៏ធ្លាប់បាននិយាយ​រិះគន់ចំៗ​ដាក់ លោក ដូណាល់ ត្រាំ កាលពីពេលកន្លង​មកផងដែរ ហើយកាលពី​​ដើមខែមិថុនានេះវិញ​ លោកបានបង្ហាញការ​មិនពេញចិត្តជាខ្លាំង ចំពោះការ​សម្រេចចិត្ត​របស់លោក ត្រាំ ដែលបានដក​សហរដ្ឋអាមេរិក​ ចេញ​ពីកិច្ច​ព្រមព្រៀង​អាកាសធាតុទីក្រុងប៉ារីស​ឆ្នាំ២០១៥។ តារាភាពយន្ត​លំដាប់ពិភពលោក​រូបនេះ បានលើកឡើងថា «បុរសម្នាក់​មិនអាចបំផ្លាញ​​​ការ​វិវឌ្ឍន៍​របស់យើង​បានឡើង ហើយបុរសម្នាក់​ក៏មិនអាចបញ្ឈប់​បដិវត្តន៍ នៃការប្រើប្រាស់​ថាមពលស្អាត​ គ្មានការបំពុលបរិស្ថាន​របស់​យើង​បាន​នោះដែរ​»។ ការលើកឡើងនេះ គឺចង់សំដៅលើ លោក ដូណាល់ ត្រាំ។

ជាមួយគ្នានោះ​ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានចេញមុខ​បញ្ជាក់ដែរថា «យើងមិនអាច​ធ្វើការចរចា​​កិច្ចព្រម​ព្រៀង​នេះ​​ឡើងវិញឡើយ ដោយសារតែ​វាគ្មានផ្លូវនោះទេ។ កុំយល់ច្រឡំ​លើបញ្ហា​អាកាសធាតុ​ឲ្យសោះ... វាពុំមានផែនការ​បំរុង B ឡើយ ដោយសារ​តែ​ពុំមាន​ភពបំរុង B ដូចគ្នា​»។ ការសម្រេចចិត្តរបស់​លោក ដូណាល់ ត្រាំ ជុំវិញកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស បានធ្វើឲ្យ​អន្តរជាតិ​រួមទាំងបណ្តា​សម្ព័ន្ធមិត្តរបស់​សហរដ្ឋអាមេរិក មានការខកចិត្ត​ក្រៃលែង៕