(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងត្រួតពិនិត្យឡើងវិញលើបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ ដែលហាមឃាត់ ប្រជាជនមកពីប្រទេសអ្នកកាន់សាសនាអ៊ីស្លាមចំនួន០៦ ចូលក្នុងសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន R​euters នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះ តុលាការកំពូលអាមេរិក បានបញ្ជាក់ថាខ្លួននឹងស្ដាប់ពីអំណះអំណាងស្ដីពីភាពស្របច្បាប់នៃបទបញ្ជារបស់លោក ដូណាល់ ត្រាំ ដោយនឹងចាប់ផ្ដើមនៅខែតុលាខាង មុខនេះ។ តុលាការមួយនេះថែមទាំងបានយល់ព្រមលើសំណើស្នើសុំជាបន្ទាន់ ក្នុងការដាក់ឱ្យចូលជាធរមាននូវផ្នែកខ្លះនៃបទបញ្ជាកាលពីថ្ងៃ០៦ ខែមីនាទៀតផង បើទោះជាការ ជជែកដេញដោលតាមផ្លូវច្បាប់កំពុងបន្តធ្វើឡើងក៏ដោយ។

ជាងនេះទៅទៀត តុលាការកំពូលអាមេរិក ក៏បានអនុញ្ញាតលើការហាមឃាត់ការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក របស់ជនភៀសខ្លួនទាំងអស់​រយៈពេល១២០ថ្ងៃ ហើយដែលហាមឃាត់នេះទៀតសោត គឺមានប្រសិទ្ធិភាពសម្រាប់ជនបរទេសទំាងឡាយណា ដែលគ្មានទំនាក់ទំនងល្អជាមួយ បុគ្គល ឬស្ថាប័ននៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសចំនួន០៦ ជាប់បម្រាមនៃបទបញ្ជាប្រធានាធិបតី លោក ដូណាល់ ត្រាំ មានដូចជា អ៊ីរ៉ង់ យេមែន លីប៊ី ស៊ីរី ស៊ូដង់ និងសូម៉ាលី៕