(វ៉ាស៊ីនតោន)៖ ទីបំផុតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានមកដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋ​អាមេរិកហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយក្នុងនោះ​លោកត្រូវបានទទួលស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់​ម្ចាស់ផ្ទះ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា ត្រាំ នាសេតវិមានតែម្តង។ នេះបើតាមការចេញផ្សាយ​នៅមុន​នេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ការមកដល់នៃមេដឹកនាំនៃមហាយក្សឥណ្ឌានេះ គឺស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែង​បង្កើនទំនាក់ទំនង​ទ្វេភាគី បើទោះជាកំពុងមានការខ្វែងគំនិត​គ្នា លើបញ្ហាជាច្រើន​ចាប់តាំងពី​ លោក ត្រាំ ឡើងកាន់​តំណែងជា​ប្រធានាធិបតីអាមេរិក​មកក៏ដោយ។

ជាមួយគ្នានោះដែរ ថ្លែងនៅមុនការបំពេញ​ដំណើរទស្សកិច្ចរបស់​លោក មូឌី មកកាន់​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរ​នៅលើ Twitter​ ថា លោកកំពុងទន្ទឹមរង់ចំា ជួបពិភាក្សាជាមួយនឹងមិត្តដ៏ពិតប្រាកដម្នាក់ រីឯសេតវិមាន​ក៏បាននិយាយទុកមុន​ដែរថា មេដឹកនាំទំាងពីរ​មានគំនិតរួមដូចគ្នា​ជាច្រើន។ ក៏ប៉ុន្តែតាមការពិតទៅ ទំាងទីក្រុង​ញូដេលី និង​ទីក្រុងវ៉ាស៊ីនតោន នៅមានរឿង​ជាច្រើនត្រូវជជែក​គ្នា​ឱ្យដាច់ស្រេច ជាពិសេសពាក់ព័ន្ធ​នឹងបញ្ហា​ពាណិជ្ជកម្ម អន្តោប្រវេសន៍ និងការសម្រេចចិត្ត​ចាកចេញពី ​កិច្ចព្រមព្រៀង​អាកាសធាតុទីក្រុង​ប៉ារីស របស់​សហរដ្ឋអាមេរិក​ជាដើម។

គួរបញ្ជាក់ថា ដោយសារតែ​គោលនយោបាយ America First របស់​លោក ដូណាល់ ត្រាំ វាបានបង្កជា​ឱនភាពពាណិជ្ជកម្ម​មិនតិចនោះទេ​ជាមួយឥណ្ឌា ហើយមិនតែ​ប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិករូបនេះ ក៏បានអំពាវនាវ​ឱ្យមានការធ្វើកំណែ​ទម្រង់ប្រព័ន្ធ​ទិដ្ឋាការ H-1B ដែលផ្ដល់ផល​ចំណេញឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យា​ឥណ្ឌាទៀតផង៕