(តូក្យូ)៖ អតីតមេដឹកនាំ​កូរ៉េខាងត្បូង​លោកស្រី ផាក គឺនហេ ធ្លាប់បានរៀបចំផែនការ​មួយចំនួន ដើម្បី​លួច​ធ្វើ​ឃាត​ប្រមុខ​ដឹក​នាំ​​កំពូល​ផុត​លេខ​​របស់ប្រទេសកូរ៉េខាងជើង​គឺ លោក គីម ជុងអ៊ុន។ នេះបើតាម​សេចក្តីរាយការណ៍​របស់សារព័ត៌មានជាតិ​ជប៉ុន Asashi Shimbun ដកស្រង់​ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ដោយផ្អែកលើ​ប្រភពមួយ​ចំនួន​ដែលខ្លួ​នទទួលបាន សារព័ត៌មានខាងលើ​នាពេលថ្មីៗនេះ បានធ្វើសេចក្តី​រាយការណ៍​ថា អតីតប្រធានាធិបតី​លោកស្រី ផាក គឺនហេ ដែលត្រូវបានទម្លាក់ចេញពី​តំណែង​ ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​ដ៏កក្រើកនោះ ធ្លាប់បាន​ចុះហត្ថលេខា​លើ​ឯក​សារមួយ អនុញ្ញាតឲ្យ​ការផ្លាស់ប្តូរមេដឹកនាំ​នៅក្នុងប្រទេស​កូរ៉េខាងជើង កាលពី​ឆ្នាំ២០១៥ ហើយបណ្តា​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​​កូរ៉េខាងត្បូង គឺតម្រូវ​ឲ្យត្រៀមរៀបចំ​ប្រតិបត្តិការ​ដែលចាំបាច់នានា ដើម្បីអនុវត្តន៍​គម្រោងនេះ។

សេចក្តីរាយការណ៍​ព័ត៌មានដដែល​បានគូសបញ្ជាក់ថា ប្រទេស​កូរ៉េខាងត្បូង ក៏បានធ្វើការ​ពិចារណារៀបចំ​ឲ្យមានគ្រោះថ្នាក់​ដោយចៃដន្យផង​ដែរ រួមមានហេតុការណ៍បង្ក​គ្រោះថ្នាក់ដល់រថយន្ត ឬមួយក៏ខ្សែ​រថភ្លើងដឹកលោក គីម ជុងអ៊ុន ជាដើម។ ក្រៅពីនេះ​រដ្ឋបាល​លោកស្រី ផាក ថែម​ទាំង​ប្រុងបង្កើត​ឲ្យមានការធ្វើរដ្ឋ​ប្រហារ នៅ​កូរ៉េខាងជើង​ទៀតផង។

សារព័ត៌មាន​ជប៉ុន Asahi Shimun បានលើកឡើង​ជាចុងក្រោយថា សកម្មភាព​យោធា​ផ្សេងៗ​របស់រដ្ឋកុម្មុយនិស្តជិតខាងមួយនេះ របស់​កូរ៉េ​ខាង​ត្បូង រួមបញ្ចូលទាំង​កម្មវិធីអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ គឺជាមូលហេតុ​ដែលជម្រុញឲ្យ​មានគម្រោងនេះ ដោយសារតែ​ភាពតានតឹង​រវាង​ទីក្រុង​​សេ​អ៊ូល​និងទីក្រុង​ព្យុងយ៉ាង​បានកើនឡើងខ្ពស់ កាលពី​ខែសីហា ឆ្នាំ២០១៥ ខណៈប្រទេសទាំងពីរ​បានប៉ះទង្គិចគ្នា​ដោយអាវុធ បន្ទាប់​ពី​កូរ៉េ​ខាងជើង បានបាញ់វត្ថុ​ម៉្យាងចូលមក​ក្នុងព្រំដែន​នៃទីក្រុង Yeoncheon របស់​កូរ៉េខាងត្បូង។ យ៉ាងណាមិញ Asashi Shimbun បានបញ្ជាក់​ថា​ផែនការ​កម្ចាត់មេដឹកនាំ​កូរ៉េខាងជើងនេះ មិនត្រូវបាន​បន្តអនុវត្តន៍​ដោយរដ្ឋបាល​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី លោក មូន ជែអ៊ីន នោះ​ឡើយ ក្រោយពេល​ដែលលោកស្រី ផាក ត្រូវបានទម្លាក់ចេញពីតំណែង៕