(អង់ការ៉ា)៖ បន្ទាប់ពីមាន​ការទាមទារដោយ​ទីក្រុងរីយ៉ាដ ឲ្យរដ្ឋាភិបាល​ទីក្រុងអង់ការ៉ា​ដកកម្លាំងយោធាចេញពី​ប្រទេសកាតានោះ ប្រធានាធិប​តីតួកគី លោក Reccip Tayyip Erdogan បានធ្វើការឆ្លើយ​តបទៅវិញ​យ៉ាងខ្លី និងច្បាស់ៗថា «គ្មានផ្លូវទេ»។ នេះតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី២៧​ ខែមិថុនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតីតួកគីបាន​ថ្លែងយ៉ាងដូច្នេះថា «ទីមួយការដែលទាមទារ​ឲ្យតួកគី ដកកងទ័ព​ចេញពីកាតា គឺជាអាកប្បកិរិយាប្រមាថ​មើលងាយមួយ​មក​លើពួកយើង។ ម៉្យាងវិញទៀត​យើងមិនចាំបាច់ ត្រូវការអនុញ្ញាត​ពីអ្នកដទៃ​ផ្សេងឡើយ ដើម្បីបោះមូលដ្ឋាន​យោធា​នៅក្នុងចំណោម​ប្រទេស​ជាដៃ​គូរបស់យើង។ បន្ថែមពីនេះ​ទីក្រុងអង់ការ៉ា​គាំទ្រ និងសូមកោតសរសើរ​ចំពោះគោលជំហរ​របស់កាតា ជុំវិញការទាមទារ​ទាំងប៉ុន្មាន​យ៉ាង​ របស់បណ្តាប្រទេស​អារ៉ាប់មួយ​ចំនួនទៀត។ វាគឺជាមធ្យោបាយ​ដ៏សែនអាក្រក់​បំផុត ក្នុងការប៉ុនប៉ង​ព្យាយាមចូលជ្រៀត​ជ្រែកក្នុង​កិច្ចព្រម​ព្រៀង​របស់យើង»

កាលពីសប្តាហ៍មុន​ទីក្រុងរីយ៉ាដ បានប្រកាស​ទុកពេលឲ្យទីក្រុង​ដូហារយៈពេល​១០ថ្ងៃ ដើម្បីអនុវត្តន៍​តាមការទាមទារ​ចំនួន​១៣យ៉ាង ដែល​រួម​មាន​​ទាំង​​ការ​ដកទ័ពតួកគី​ចេញពី​ប្រទេសរបស់ខ្លួន ក៏ប៉ុន្តែគេមិនទាន់​បានដឹងច្បាស់នៅ​ឡើយទេថា តើព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត គ្រោងនឹង​ដាក់ពិន័យបែបណា​ទៅលើប្រទេសកាតា ប្រសិនបើការ​ទាមទារ​ទាំងប៉ុន្មាន មិនត្រូវបាន​អនុវត្តន៍ទេនោះ។ ម៉្យាងវិញទៀត កាតា​​ក៏បានចេញ​សេចក្តីបញ្ជាក់រួចមកហើយផងដែរថា ខ្លួនសូមបដិសេធ​ចំពោះការទាមទារទាំងអស់​ របស់ទីក្រុងរីយ៉ាដ។

គួរបញ្ជាក់ថា ស្របពេលដែល​កំពុងប្រឈមមុខជាមួយបញ្ហា​ជម្លោះការទូត​ដ៏សែនជ្រៅ ជាមួយបណ្តា​កំពូលប្រទេសអារ៉ាប់​ជិតខាង​នោះ​ តាកាបានទទួល​ការគាំទ្រក៏ដូចជា​ជ្រោមជ្រែងយ៉ាងពេញ​ទំហឹង​ពីប្រទេសតួកគី ដែលជាសម្ព័ន្ធ​មិត្តថ្មី​ថ្មោងរបស់ខ្លួន ក្នុងការបង្កើន​ស្ថិរ​ភាពជាតិ ខណៈកំពុង​ស្ថិតក្រោមមុខព្រួញ​នៃការកៀបសង្កត់​ និងដាក់សម្ពាធពីបណ្តារដ្ឋ​នៅមជ្ឈិមបូព៌ា ដែលនៅហ៊ុម​ព័ទ្ធជុំវិញខ្លួន៕