(បាងកក)៖ កងទ័ពជើងទឹក​របស់ប្រទេសថៃ ​នៅថ្ងៃចន្ទនេះ​បានបញ្ជាក់ថា នាវាដឹកប្រេង​មួយគ្រឿង​របស់ប្រទេសខ្លួន ដែលត្រូវបាន​ចោរសមុទ្រ​ប្លន់យកទៅ នៅក្នុងដែនទឹក​ប្រទេសម៉ាឡេស៊ីនោះ បានវិលត្រឡប់​មកដល់ថៃវិញ​ហើយ។ នេះបើតាមសារ​ព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

«នាវាដឹកប្រេង C.P. 41 ដែលត្រូវបាន​ចោរប្លន់ ឥឡូវនេះមាន​សុវត្ថិភាពវិញហើយ»។ នេះបើយោង​តាមសម្តី អ្នកនាំពាក្យ​កងទ័ព​ជើងទឹកថៃ លោក Admiral Jumpol Lumphikanont។ លោក Jumpol បានបន្ថែមថា នាវាដឹកប្រេង​បានធ្វើដំណើរ​តាមផ្លូវ​ដ៏ត្រឹមត្រូវមួយ នៅពេលដែល​វារងការវាយប្រហារ ហើយកងកម្លាំង​ជើងទឹកថៃ បានបញ្ជូននាវា​ល្បាត HTMS Takbai ទៅកាន់កន្លែង​កើតហេតុ​ ដើម្បីជួយសង្គ្រោះ​ពួកគេ បន្ទាប់ពីមានការ​បញ្ជាក់ថា​ មានការប្លន់កើតឡើងនោះ។

C.P. 41 ផ្ទុកដោយ​សហសេវិក១៧នាក់ និងប្រេងម៉ាសូត​ប្រមាណ ៣,៨០០តោន បានរងការវាយប្រហារ ដោយក្រុមចោរ​សមុទ្រមានគ្នា ០៦នាក់ ខណៈនាវា​កំពុងធ្វើដំណើរចេញពី​ប្រទេសសិង្ហបុរី ទៅកាន់ខេត្ត Songkhla ប្រទេសថៃ​នាយប់ថ្ងៃសុក្រ។ សហសេវិកលើនាវា​បានឲ្យដឹងថា ពួកគេត្រូវបាន​ចាប់ឃុំឃាំង ដោយមាន​ការគម្រាម​តាមរយៈការប្រើប្រាស់​កាំភ្លើង​នៅអំឡុងពេល​ប្លន់ ហើយក្រុមចោរប្លន់​បានកាត់ផ្តាច់​ការទំនាក់ទំនង។

​គួរបញ្ជាក់ថា ក្រុមចោរសមុទ្រដែលនិយាយភាសាឥណ្ឌូណេស៊ីនេះ បានបង្ហូរយកប្រេង​ចំនួន ១,៥០០តោន ហើយបានដោះលែង​នាវាមកវិញ​នៅព្រឹកថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ អាជ្ញាធរកំពុងតែទាក់ទងជាមួយនឹង​អាជ្ញាធរដែនទឹកម៉ាឡេស៊ី ដែលជាកន្លែងកើតហេតុ ដើម្បីចាត់វិធានការទៅលើការប្លន់ទាំងកម្រោលខាងលើនេះ៕