(វ៉ាស៊ីនតោន)៖ សេតវិមានសហរដ្ឋអាមេរិក​បានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី​ទំនងជាកំពុង​រៀបចំ ធ្វើការវាយប្រហារ​ដោយអាវុធគីមី​សាជា​ថ្មីម្តង​ទៀត និងបានព្រមាន​ប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាស្សាដ ថា រូបលោករួមទាំងកងទ័ព​របស់លោក នឹងទទួលរងគ្រោះ​ដោយលទ្ធផល​ធ្ងន់​ធ្ងរ​​ជាក់​ជាពុំខាន​ឡើយ បើសិនជាហ៊ាន​បើកការវាយប្រហារ​បែបដូច្នោះមែននោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹក​ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍​របស់សេតវិមាន​បានលើកឡើងថា ការរៀបចំ​នាពេលថ្មីៗនេះរបស់ស៊ីរី គឺដូចទៅនឹង​សកម្មភាព​ទាំងប៉ុន្មាន ដែលត្រូវបាន​​ធ្វើ​ឡើង​នៅមុនការវាយប្រហារ​ដោយអាវុធគីមី​ កាលពីថ្ងៃទី០៤ ខែមេសាកន្លង​ទៅនេះ ដែលបានផ្តាច់​យកអាយុជីវិត​ប្រជាជនស៊ីវិល​ស្លូត​ត្រង់​​យ៉ាងតិច ៧០នាក់ រួមមានទាំងកុមារ​តូចៗផងដែរ ​ហើយទង្វើនេះ​ហើយ​ដែលបានជម្រុញឲ្យ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចេញ​បញ្ជា​​ឲ្យ​​កង​​នាវា​ចម្បាំង​អាមេរិកបាញ់​មីស៊ីលចំនួន​ ៥៩គ្រាប់ ស្រោចទៅលើមូលដ្ឋាន​ទ័ពអាកាស​មួយកន្លែង​ក្នុងប្រទេសស៊ីរី ទោះបីជារដ្ឋា​ភិ​បាល​​លោក អាស្សាដ បានបដិសេធថា មិនបានបើក​ការវាយប្រហារ​ដោយអាវុធគីមី​ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ការសម្រេចបាញ់​មីស៊ីលជិត ៦០គ្រាប់ ទៅលើមូលដ្ឋានទ័ព​ស៊ីរីនោះ គឺជាសកម្មភាព​ព្រមានដោយ​ផ្ទាល់មួយ​របស់​សហរដ្ឋ​អាមេរិក នៅក្នុងអំឡុង​សង្រ្គាមស៊ីវិល​រយៈ០៦ឆ្នាំ របស់ប្រទេសស៊ីរី ហើយវាក៏​បានបង្កើនហានិភ័យ​នៃការប្រឈមមុខ​ដាក់គ្នា របស់ទីក្រុង​វ៉ាស៊ីន​តោន​ជាមួយប្រទេស​រុស្ស៊ី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត​យោធា​ដ៏សំខាន់របស់ លោក អាស្សាដ ថែមទៀតផង៕