(ប៉ារីស)៖ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បានលើក​ឡើងថា កិច្ចពិភាក្សា​សន្តិភាពបន្ថែមទៀត ពាក់ព័ន្ធនឹងវិបត្តិ​នៅអ៊ុយក្រែន នឹងត្រូវធ្វើឡើង​នៅរយៈពេលប៉ុន្មាន​ថ្ងៃខាងមុខនេះ ដោយការ​លើកឡើង​របស់ ប្រធានាធិបតីបារាំងនេះ បានធ្វើឡើង​បន្ទាប់ពីមានជំនួបមួយ​នៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko។ នេះបើយោងតាមសារព័ត៌មាន RT ចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

​លោក Macron បានមានប្រសាសន៍លើកឡើង​នៅក្នុងសន្និសីទ​សារព័ត៌មានរួមគ្នាមួយថា ​«ការពិភាក្សា​គ្នាតាម​ខ្សែទូរស័ព្ទមួយ រវាងមេដឹកនាំបារាំង, អាល្លឺម៉ង់, អ៊ុយក្រែន និងរុស្ស៊ី គឺគ្រោងនឹងធ្វើឡើង នៅចុងសប្តាហ៍នេះ ដោយវាគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យមានដំណើរការជាក់ស្តែង»

លោកប្រធានាធិបតីបារាំង​បានទទូចថា កិច្ចពិភាក្សា «Normandy Format» រវាងមេដឹកនាំ​ប្រទេសទាំងបួន គឺនៅតែជាវេទិកា​ដ៏ល្អបំផុត ដើម្បីពិភាក្សាពីស្ថានភាព​នៅអ៊ុយក្រែន។ បច្ចុប្បន្នសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន រវាងក្រុមបំបែករដ្ឋដែលទីក្រុងម៉ូស្គូគាំទ្រ និងរដ្ឋាភិបាលអ៊ុយក្រែននៅតែបន្ត ខណៈសហរដ្ឋអាមេរិក​បានបង្ហាញ​ការគាំទ្រដល់ទីក្រុងកៀវ ដោយមានទាំងការផ្តល់ជំនួយអាវុធបន្ថែមទៀត កាលពីពេលថ្មីៗនេះ ដែលជាការបង្ក​ឲ្យ​រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្តៅក្រហាយជាខ្លាំង៕​