(បាងកក)៖ អាជ្ញាធរថៃកំពុង​សិក្សាលើគំរោងប្រមូល​ពន្ធផ្លូវ ដែលប្រើប្រាស់អ្នកបើកបររថយន្ដទាំងឡាយណា បានឆ្លងកាត់ព្រំដែនពីបណ្ដាប្រទេសជិតខាង ចូលមកក្នុងទឹកដីថៃ។ នេះ​បើតាមសម្តីមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលថៃម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia និងទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នាយករង​ការិយាល័យដឹកជញ្ជូន រៀបចំផែនការ និងគោលនយោបាយ​ចរាចរណ៍ លោកស្រី Wilairat Sirisophonsilp បានឱ្យ​ដឹងថា «អាជ្ញាធរថៃ កំពុងសិក្សា​លើលទ្ធភាព ទាក់ទិននឹងគំរោងប្រមូលពន្ធ​សម្រាប់ផ្លូវហៃវ៉េ និងផ្លូវជា​ច្រើនទៀត ដែលប្រើប្រាស់​ដោយអ្នកបើកបរមកពី​ប្រទេសជិតខាង»។ បន្ថែមពីលើនេះ​ប្រាក់ពន្ធប្រមូលបាន​ អាចនឹងត្រូវយក​ទៅប្រើជាមូលនិធិ ក្នុងការជួសជុល និងថែរក្សាផ្លូវថ្នល់ ភ្ជាប់ពីប្រទេសថៃ​ទៅកាន់ប្រទេសជិតខាង ហើយ​មួយផ្នែកទៀត អាចនឹងយកមក​ប្រើដើម្បីការពារបរិស្ថាន និងដោះស្រាយ​បញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍។

ទោះបីយ៉ាងណាក៏ដោយ លោកស្រី Wilairat Sirisophonsilp បញ្ជាក់ថា អាជ្ញាធរថៃមិនទាន់បាន​សម្រេចចិត្តថា នឹងប្រមូលពន្ធផ្លូវនេះ​ដោយផ្ទាល់​ដៃ ឬក៏ប្រើប្រាស់ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅឡើយទេ ខណៈបណ្ដា​ផ្លូវនៅតាមព្រំដែន​សម្រាប់អ្នកបើកបរ ទំនងជាអាច​នឹងត្រូវបំពាក់​កាមេរ៉ាសុវត្ថិភាព ឬប្រព័ន្ធ GPS​៕