(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេររិក​បានរួមដៃគ្នាជាមួយ ចក្រភពអង់គ្លេស អ៊ីស្រាអែល និងហ្សកហ្ស៊ី ដើម្បីព្យាយាម​ដាក់សម្ពាធផ្នែកការទូត​​ ទៅលើប្រទេស​វេណេស៊ុយអេឡា ជុំវិញបញ្ហារំលោភ​សិទ្ធិមនុស្ស​ នៅក្នុងប្រទេសអាមេរិកឡាទីន​មួយនេះ។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​ការបរ​ទេស​អាមេរិក ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បានឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំទី៣៥​ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ (HRC) ដែល​បានប្រព្រឹត្ត​ទៅកាលពី​ថ្ងៃទី០៦ ដល់ថ្ងៃទី២៣ ខែមិថុនាថ្មីៗ​នេះ សហរដ្ឋអាមេរិក រួមជាមួយចក្រភព​អង់គ្លេស ហ្សកហ្ស៊ី និងអ៊ីស្រាអែល បាន​ធ្វើការឧបត្ថម្ភ​រៀបចំព្រឹត្តិការណ៍​ជាពិសេស​ក្រៅផ្លូវការមួយ ស្តីពី​វេណេស៊ុយឡា ដើម្បីទាក់ទាញ​ចំណាប់​អារម្មណ៍​របស់អន្តរជាតិ ទៅលើ​ការ​​​ធ្លាក់​ចុះ​​​ដុន​ដាប​​យ៉ាង​ខ្លាំង​នៃស្ថានការណ៍​សិទ្ធិមនុស្ស​នៅទីនោះ​»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នោះ​រួមមានទាំងវេទិកា​ពិភាក្សាមួយ រវាងក្រុមអ្នក​ការពារសិទ្ធិមនុស្ស​ចំនួនបួនរូប​ មកពីប្រទេស​វេណេស៊ុយអេឡា និងអ្នកតំណាង​ពិសេសទទួល​បន្ទុកសេរីភាព​នៃការបញ្ចេញមតិ របស់គណៈកម្មការ​អន្តរអាមេរិក ទទួលបន្ទុក​បញ្ហាសិទ្ធិ​មនុស្សផងដែរ។ ប្រទេសវេណេស៊ុយអេឡា បានស្ថិតនៅក្រោមក្រសែភ្នែកអន្តរជាតិ ជាពិសេសអាមេរិក បន្ទាប់ពីការផ្ទុះបាតុកកម្មដ៏ហិង្សាប្រឆាំងនឹង​រដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ ដែលបានឈានទៅដល់ការប្រើអំពើហិង្សា បង្កឲ្យមនុស្សជាច្រើននាក់ស្លាប់៕