(ប៉េកាំង)៖ មន្ត្រីពន្ធគយចិន​នៅថ្ងៃអង្គារនេះ​បានចេញផ្សាយទិន្នន័យមួយ​បង្ហាញថា ការនាំចូលធ្យូងថ្ម​ពីកូរ៉េខាងជើង ស្ថិតនៅក្នុងអាត្រា​០ភាគរយ ពោលគឺគ្មានការនាំចូល​ឡើយ សម្រាប់រយៈពេល​០៣ខែរហូតដល់​ខែឧសភាកន្លងទៅ ដែលនេះគឺ​ជាផ្នែកមួយនៃ​កិច្ចខិតខំប្រឹងបែ្រង​របស់ទីក្រុងប៉េកាំង ក្នុងការអនុវត្តន៍​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ នៃក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមទិន្នន័យខាងលើ ចិនមិនបាននាំចូលធ្យូងថ្មពីកូរ៉េខាងជើង​នោះទេ​ នៅអំឡុងខែឧសភា ក៏ប៉ុន្តែការ​នាំចូលធ្យូថ្ម​ពីរុស្ស៊ី ឥណ្ឌូណេស៊ី និងម៉ង់ហ្គោលី បានហក់​ឡើងខ្ពស់។ ចិនបាន សម្រេចចិត្តផ្អាក​ការនាំចូលធ្យូងថ្ម​ពីកូរ៉េខាងជើង កាលពីខែមីនា និងខែមេសា ដើម្បីផ្ដល់​មេរៀនខ្លះដល់​កូរ៉េខាងជើង ដែលមិនបាន​ស្ដាប់ការស្នើសុំ​របស់ខ្លួនឱ្យ​បញ្ឈប់ការ​បាញ់សាក ល្បង​មីស៊ីលផ្លោង ណាមួយចិន​ក៏ចង់ទប់ស្កាត់​មិនឱ្យ​សហរដ្ឋអាមេរិក ប្រើលែសនេះ​ក្នុងការពង្រីក ឬដាក់ពង្រាយមីស៊ីល និងកងទ័ពបន្ថែម​នៅក្នុងតំបន់។

ទោះបីជាយ៉ាងនេះក្ដី​វាមិនមែនមានន័យថា ទីក្រុងប៉េកាំង​នឹងទុកឱ្យរបបដឹកនាំ​លោក គីម ជុងអ៊ុន ដាច់ខ្យល់ឡើយ ខណៈអ្នកជំនាញ​មួយចំនួនយល់ថា នៅពេលស្ថានភាព​នៅឧបទ្វីបកូរ៉េ​ស្ងប់ស្ងាត់ នោះទណ្ឌកម្មនេះ​អាចនឹងបាត់​ដោយខ្លួនឯង។

គួរបញ្ជាក់ថា សេដ្ឋកិច្ច​កូរ៉េខាងជើង គឺពឹងផ្អែកជាង​៩០ភាគរយ លើការនាំចេញធ្យូងថ្ម​ទៅកាន់ចិន ដូច្នេះចង់ ឬមិនចង់ការផ្អាកការ​នំាចូលនេះ បានធ្វើឱ្យទីក្រុងព្យុងយ៉ាង​ខាតលុយ​មិនតិចនោះទេ សម្រាប់យក​ទៅអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ នៅក្នុងបរិបទ​ដែលអង្គការ​សហប្រជាជាតិ ដាក់គោលដៅ​ទប់ស្កាត់ការនាំ​ចេញធ្យូងថ្ម​របស់កូរ៉េខាងជើង ៤០០.៩លានដុល្លារ ឬ៧.៥លានតោន​ក្នុងមួយឆ្នាំ៕