(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរឥណ្ឌាពេញៗមាត់ នៅចំពោះមុខ​លោកនាយករដ្ឋមន្ត្រី ណារិនដ្រា មូឌី សម្រាប់​ការបញ្ជាទិញយន្ដហោះ ១០០គ្រឿង​ ពីក្រុមហ៊ុនផលិតយន្ដហោះ​អាមេរិក Boeing​ ហើយថែមទាំង​និយាយដែរថា លោកកំពុង​សម្លឹងមើលការ​នាំចេញប្រភពថាមពល​បន្ថែម ក្នុងនោះរួមមានឧ​ស្ម័នធម្មជាតិ​ទៅកាន់ឥណ្ឌា​ទៀតផង។ នេះបើតាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងតាមកញ្ចក់​​ទូរទស្សន៍ពីសួន​ច្បារ​សេតវិមាន លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «បន្ទាប់ពី​ជំនួបរបស់​ពួកយើង​​នៅថ្ងៃនេះ ខ្ញុំអាចនិយាយ​​បានថា ទំនាក់ទំនង​រវាងឥណ្ឌា និង​សហរដ្ឋ​អាមេរិក មិនដែល​រឹងមំា និងល្អដូចពេល​​នេះទេ... ហើយទីក្រុង​​វ៉ាស៊ីនតោន និង​ទីក្រុងញូដេលី​នឹងនៅតែ​ភ្ជាប់​ទំនាក់ទំនង​​ជាមួយគ្នា​ជានិច្ច​ ក្នុងលក្ខណៈ​មិត្តភាព និងការគោរព​គ្នាទៅវិញ»។ ដោយឡែក​​ឆ្លើយតប​ទៅនឹងការលើកឡើង​​នេះដែរ លោក ណារិនដ្រា មូឌី ក៏បានកត់សម្គាល់​​ផងដែរពី​​សារៈសំខាន់​ នៃជំនួបជា​មួយលោក ត្រាំ ដែលត្រូវ​​បានលោក ចាត់ទុកថា ជាប្រវត្តិសាស្ត្រ​​នៃកិច្ចសហប្រតិបត្តិការ​​រវាងប្រជាជាតិ​ទាំងពីរ។

គួរបញ្ជាក់ថា បើតាម​លោក ណារិនដ្រា មូឌី អាទិភាព​ជាចម្បង​សម្រាប់លោក និងលោក ដូណាល់ ត្រាំ គឺការពារប្រជាជន​របស់ខ្លួន​ពីក្រុមអង្គការភេរវករ​គ្រប់ទម្រង់​ទំាងអស់ បើទោះជា​ប្រទេសទំាងពីរ កំពុងមានការខ្វែងគំនិតគ្នា​លើគោលនយោបាយ​ពាណិជ្ជកម្ម របស់លោក ត្រាំ ក៏ដោយ។ កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិក ធ្វើពាណិជ្ជកម្ម​ជាមួយឥណ្ឌា​ក្នុងទំហំ​ទឹកប្រាក់ ១១៤.៨ពាន់លានដុល្លារ ក៏ប៉ុន្តែឱនភាព​ពាណិជ្ជកម្មជា​មួយឥណ្ឌា​មានរហូតដល់ ៣០.៨ពាន់លានដុល្លារ។ នេះបើតាមតួរលេខ​ផ្ដល់ដោយ​ក្រុមមន្ត្រី​អាមេរិក។

ទោះបីជាបែបនេះក្តី ឥណ្ឌាត្រូវបានចាត់ទុកជា​មហាយក្សទីពីរ​ប្រចាំតំបន់អាស៊ី បន្ទាប់ពី​ប្រទេសចិន ដែលមានសេដ្ឋកិច្ច​រីកលូតលាស់ខ្លាំង និងប្រជាជនរហូត​ដល់ទៅជាង ១,២០០លាននាក់ ហើយ​បន្ថែមពីនេះ ទំនាក់ទំនង​ចិន និងឥណ្ឌា ក៏មិនសូវជាល្អ​ប៉ុន្មាននោះដែរ ដោយសារតែ​បញ្ហាតានតឹងនៅ​តំបន់ព្រំដែននៃ​ប្រទេសទាំងពីរ និងការគាំទ្ររបស់​រដ្ឋាភិបាលឥណ្ឌា ចំពោះសម្តេច​សង្ឃ ដាឡៃឡាម៉ា ដែលជា​មេដឹកនាំ​សាសនាបែប​និរទេស និងមានទំនោរទាមទារ​ឯករាជ្យនៅតំបន់ទីបេ ប្រឆាំងនឹង​រដ្ឋាភិបាលប៉េកាំង៕