(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Alan Peter Cayetano នឹងបំពេញដំណើរ​ទស្សនៈកិច្ចផ្លូវការ មកកាន់ប្រទេសចិន​នៅក្នុងសប្តាហ៍នេះ។ នេះបើតាម​អ្នកនាំពាក្យ​មួយរូប របស់ក្រសួង​ការបរទេសចិន ចេញផ្សាយដោយ​សារព័ត៌មានស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។

លោក Cayetano នឹងបំពេញដំណើរទស្សនៈកិច្ចផ្លូវការ​មួយ​ ចាប់ពីថ្ងៃពុធដល់​ថ្ងៃសៅរ៍សប្តាហ៍នេះ តបតាមការអញ្ជើញរបស់​រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ នេះបើតាម​សម្តីអ្នកនាំពាក្យ លោក Geng Shuang បានឲ្យដឹង​យ៉ាងដូច្នេះ។ មេដឹកនាំជាច្រើនរូបរបស់ចិន នឹងជួបជាមួយ​លោក Cayetano ហើយក្នុងនោះ លោក Wang Yi នឹងជួបពិភាក្សា​ការងារ​ជាមួយនឹងរូបលោកផងដែរ។ ភាគីទាំងពីរនឹង​ផ្លាស់ប្តូរមិតិយោបល់គ្នា លើទំនាក់ទំនងរវាងចិន និងហ្វីលីពីន, ចិន និងអាស៊ាន ព្រមទាំងបញ្ហា​អន្តរជាតិ និងបញ្ហាប្រឈម​នានាក្នុងតំបន់ផងដែរ។

លោក Geng បន្ថែមថា ចិននិងហ្វីលីពីន​មានទំនាក់ទំនង​មិត្តភាពយូរអង្វែង ហើយ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍​សម្រាប់ប្រជាជន​ទាំងសងខាង និងបានចែកចាយ​នូវស្ថេរភាពក្នុងតំបន់ ចាប់តាំងពីទំនាក់ទំនង​បានត្រឡប់មកភាព​ធម្មតាវិញ កាលពីឆ្នាំមុន។ ហ្វីលីពីន​នឹងធ្វើជាប្រធាន​សមាគមអាស៊ាន នៅក្នុងឆ្នាំនេះ ហើយចិនបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជាមួយ​ហ្វីលីពីន ដើម្បីបង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅ​រវាងចិន និងអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ​ជាមួយនឹងប្រទេសនៅ​តំបន់អាស៊ានទាំងអស់​។

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Geng បានបន្ថែមថា «យើងជឿ​ជាក់ថា ដំណើរទស្សនៈកិច្ច​របស់លោក Cayetano​ នឹងពង្រីកការ​ជឿជាក់ផ្នែក​នយោបាយ នៃប្រទេសទាំងពីរ និងបង្កើនកិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ លើ​វិស័យផ្សេងៗ​ជាច្រើន»