(ប៉េកាំង)៖ នាវាពិឃាតជំនាន់ថ្មីផលិតនៅក្នុងស្រុក ឬ Made In China របស់ចិនមានទម្ងន់ ១០,០០០តោន ត្រូវបានដាក់បង្ហាញ​ឱ្យប៉ះផ្ទៃទឹកហើយ នៅថ្ងៃពុធនេះ​នៅឯការដ្ឋាន​សាងសង់ និងជួសជុល​នាវា​នៃក្រុមហ៊ុន Jiangnan Shipyard ក្នុងទីក្រុង​សៀងហៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​ស៊ិនហួរ នាវាពិឃាតនេះ​គឺជានាវាពិឃាត​ជំនាន់ថ្មីដំបូង​បង្អស់របស់ចិន ដែលត្រូវបាន​បំពាក់ដោយ​ប្រព័ន្ធការពារ​ដែនអាកាសថ្មី, មីស៊ីលប្រឆាំង​មីស៊ីល, មីស៊ីល​ប្រឆាំងនាវា និងមីស៊ីល​ប្រឆាំងនាវា​មុជទឹក។ មិនតែប៉ុណ្ណោះ​នាវាពិឃាតនេះ ក៏នឹងក្លាយជា​ចំណុចចាប់ផ្ដើម​ដ៏សំខាន់ នៃការអភិវឌ្ឍប្រព័ន្ធអាវុធ និងការធ្វើទំនើបកម្ម​នៃកងនាវា​ចម្បាំងចិនផងដែរ ខណៈ​ទីក្រុងប៉េកាំង កំពុងមាន​ជម្លោះដែនទឹក​ជាមួយបណ្ដាប្រទេស​ជិតខាង​ នៅឯ​តំបន់សមុទ្រ​ចិន​ខាងត្បូង ជាទីដែលនាវាពិឃាតអាមេរិក តែងតែដឹកនាំ​ការធ្វើសកម្មភាពល្បាត។

សម្រាប់ចិននេះ​អាចជាជោគជ័យ និងជារឿងដ៏​គួរឱ្យរីករាយ ក៏ប៉ុន្តែវាអាច​ជាដំណឹងអាក្រក់ សម្រាប់ប្រទេស​ជាភាគីជម្លោះក្នុងតំបន់​សមុទ្រចិនខាងត្បូង ដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ពីព្រោះចិន​មុខជានឹងប្រើប្រាស់​នាវាពិឃាតនេះ នៅក្នុងបេសកកម្ម​ពង្រីកឥទ្ធិពល​របស់ខ្លួននៅ​តំបន់ជម្លោះ៕