(បាងកក)៖ គណរដ្ឋមន្ត្រីរបស់ប្រទេសថៃ បានអនុម័តទៅលើគំរោងសាងសង់អគារនិមិត្តរូបទីក្រុងបាងកក ដែលមានតម្លៃ ៤.៦ពាន់លានបាត (១៣៥លានដុល្លារអាមេរិក) នៅតំបន់មាត់ទន្លេចៅប្រាយ៉ា នៅទល់មុខគ្នា​នឹងសណ្ឋាគារ Mandarin Original។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

អគារដែលគ្រោងសាងសង់ ក្រោយពីទើបទទួលបានការអនុញ្ញាតខាងលើនេះ មានឈ្មោះថា Bangkok Observation Tower ដែលមានកម្ពស់ ៤៥៩ម៉ែត្រ នឹងក្លាយជាអគារ​ដែលខ្ពស់បំផុត​ក្នុងទីក្រុងបាងកក និងតំបន់​អាស៊ានទាំង​មូល។ គំរោងសាងសាង់​អគារនេះត្រូវបាន​ដាក់ចេញ កាលពីខែធ្នូ ឆ្នាំ២០១៦ ដើម្បីក្លាយជា​និមិត្តរូបថ្មី​នៃទីក្រុងបាងកក ប៉ុន្តែការសាង់សង់ជាផ្លូវការមិនទាន់ដឹងថា នឹងត្រូវចាប់ផ្តើម​នៅពេលណានោះទេ។

ទោះបីជានៅថ្ងៃអង្គារ​សប្តាហ៍នេះ រដ្ឋាភិបាលថៃបាន​អនុម័តអនុញ្ញាតឲ្យ​សាងសង់អគារកម្ពស់ ៤៥៩ម៉ែត្រនោះ​ក៏ដោយ ក៏សាធារណៈជននៅតែព្រួយបារម្ភថា នឹងអាចមានការពន្យាពេលបន្ថែមទៀត ក្នុងការសាងសង់។ សម្រាប់ Bangkok Observation Tower នឹងត្រូវធ្វើជា​សារៈមន្ទីរ ដើម្បីតម្កល់ជីវៈប្រវត្តិ និងរាជកិច្ចទាំងឡាយ ដែលត្រូវបានកសាងដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត និងជាទីកន្លែង​សម្រាប់​ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងបាងកក កាន់តែច្រើនឡើង៕