(ហុងកុង)៖ ប្រជាជនរស់នៅទីក្រុងហុងកុង​ជាច្រើននាក់ ដែលមានក្តីកង្វល់​អំពីការទន្ទ្រាន​ឥតឈប់​ឈរ និងកាន់តែកើនឡើង ពីសំណាក់​រដ្ឋាភិបាល​​ទីក្រុងប៉េកាំង​នោះ កំពុងតែនាំគ្នា​ប្រញាប់ប្រញាល់​ ទៅធ្វើលិខិត​ឆ្លងដែនចក្រភព​អង់គ្លេស ដើម្បីត្រៀមទុក​សម្រាប់ភៀសខ្លួន​រកទីសុវត្ថិ​ភាព នៅក្នុងករណី​ដែលភាពវឹកវរ​ក្នុងសង្គមផ្ទុះឡើង ឬក៏សិទ្ធិសេរី​ធ្លាក់ចុះដុនដាប​ជាងនេះនៅហុងកុង។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ សារព័ត៌​មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅល្ងាច​ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ទិន្នន័យរបស់​រដ្ឋាភិបាលអង់គ្លេស ប្រភពការទូតនានា និងការផ្តល់សក្ខីកម្ម​ពីពលរដ្ឋចំនួន​០៦នាក់ ដែលរស់នៅក្នុង​ទីក្រុងហុងកុង បានគូស​វាស​នូវផ្ទាំងរូបភាព​យ៉ាងច្បាស់មួយ ស្តែងអំពីការ​កើនឡើន​​នៃភាពភ័យព្រួយ​ចំពោះអនាគត​នាពេលខាងមុខ និងការមិន​ជឿទុកចិត្ត​ចំពោះ​​បណ្តាមេដឹកនាំ​នៃបក្សកុម្មុយនិស្តចិន​ នៅក្នុងទីក្រុងប៉េកាំង ជាពិសេសនោះ​គឺក្នុងចំណោម​យុវវ័យ​ជំនាន់ក្រោយៗ របស់ទីក្រុង​ហុងកុង​តែម្តង។

អ្នកដែលមានលិខិតឆ្លងដែន​បរទេស និងមន្រ្តីទូតនៅ​ទីក្រុងហុងកុង​បានឲ្យដឹង​ថា ការរួសរាន់ស្វែងរកការពារ​នៅក្រៅប្រទេស​បែបនេះ គឺបាន​បណ្តាលមក​ចលនាតស៊ូ​ ដើម្បីលទ្ធិប្រជាធិបតេយ្យ​នៅក្នុងទីក្រុង ជាពិសេសនោះ​គឺជាធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ​ កាលពីឆ្នាំ២០១៤ និងការកើន​ឡើងនៃការ​អំពាវនាវ​ឲ្យទាមទារ​រកឯករាជ្យ​ ឲ្យទីក្រុងហុងកុង ដែលជារឿង​មិនអាចទទួលយក​បានជាដាច់​ខាត សម្រាប់ទីក្រុង​ប៉េកាំង។ បន្ថែម​ពីនេះ ការបាត់ខ្លួន​ដោយមិនដឹង​មូលហេតុ​ នៃបុគ្គលមួយ​ចំនួន​នៅហុងកុង ដែលបាន​លក់ដូរសៀវភៅរិះគន់ធ្ងន់ៗ ទៅលើបណ្តា​ថ្នាក់​ដឹកនាំចិន​ ក៏បានធ្វើ​ឲ្យប្រជាជន​ទីក្រុងហុងកុង បាត់បង់​ទំនុកចិត្ត​លើពាក្យសន្យា​របស់ទីក្រុងប៉េកាំង ស្តីពី​មិនលូកដៃ​ជ្រៀតជ្រែកផងដែរ។

គួរបញ្ជាក់ថា ប្រជាជនជាច្រើន​ក្នុងទីក្រុងហុងកុង​សុទ្ធតែមានលិខិត​ឆ្លងដែន BN(O) ឬ British National (Overseas) ជាលិខិតឆ្លង​ដែនពិសេស​មួយ ដែលត្រូវ​បានផ្តល់ជូនដល់​អ្នកតាំងទីលំនៅ​អចិន្ត្រៃយ៍​ក្នុងទីក្រុងនេះ នៅមុខឆ្នាំ១៩៩៧ ពោលគឺមុន​ពេលដែលចក្រភព​អង់គ្លេស បាន​សម្រេចប្រគ​ល់​ហុងកុង​ឲ្យទៅរដ្ឋាភិបាល​ចិន​ដីគោកវិញ ក្រោមគោលការណ៍ «ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រងពីរ»។ នាពេលនោះទីក្រុងប៉េ​កាំង​បានសន្យាថា រដ្ឋបាល​គ្រប់គ្រង​ឯករាជ្យ​របស់​ទីក្រុងហុងកុង នឹងបន្តគ្មាន​ភាពប្រែប្រួល​ក្នុងអំឡុងពេលយ៉ាងតិច​៥០ឆ្នាំ ក៏ប៉ុន្តែ​មិនបានបញ្ជាក់​​ឲ្យ​បាន​ច្បាស់ថា នឹងមានអ្វីកើត​ឡើងបន្ទាប់ពី​រយៈពេលនោះ​កន្លងផុតទៅឡើយ។

ដោយឡែក​កាលពី​ឆ្នាំទៅលិខិត​ឆ្លងដែន BN(O) មិនតិចជាង ៣៧,៥០០ច្បាប់នោះឡើយត្រូវបានធ្វើ​ឲ្យមានសុពលភាព​ឡើងវិញ ដែលវាបាន​កើនឡើងដល់​ទៅ ៤៤ភាគរយបើធៀបនឹងឆ្នាំ២០១៥ និងអត្រាច្រើន​ជាងគេបង្អស់​ សម្រាប់អំឡុងពេល​ជាងមួយទសវត្សរ៍​កន្លងទៅនេះ។ យ៉ាងណាមិញ BN(O) មិនផ្តល់សិទ្ធិស្នាក់​នៅដោយស្វ័យ​ប្រវត្តិ នៅក្នុងចក្រភពអង់គ្លេសនោះឡើយ ក៏ប៉ុន្តែអ្នក​ដែលមាន​លិខិតឆ្លងដែននេះ អាចធ្វើដំណើរ​ដោយពុំចាំបាច់​ទិដ្ឋាការ​នៅទីនោះ បានសម្រាប់ពេល០៦ខែ និងអាចមានសិទ្ធិជ្រកកោន និងស្ថិតក្រោម​ការពាររបស់​អាជ្ញាធរអង់គ្លេសបាន។

បន្ថែមពីនេះទៀតការស្នើសុំចូលសញ្ជាតិបរទេស ពីសំណាក់ប្រជាពលរដ្ឋ​ក្នុងទីក្រុងហុងកុងក៏មានការកើន​ឡើងផងដែរ ដែលពាក់ព័ន្ធនឹង​បញ្ហា​ភ័យព្រួយ​ជុំវិញអនាគតរបស់ទីក្រុងនេះ។ ដោយក្នុងនោះ​មានចក្រ​អង់គ្លេសផ្ទាល់ កាណាដា កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងសហរដ្ឋ​អាមេរិក៕